គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិតួកគី លោក Vincenzo Montella បានអោយដឹងថា លោកមានភាពសប្បាយរីករាយ ដែលក្រុមបានយកឈ្នះ ក្រុមឆេក នៅក្នុងការប្រកួតបញ្ចប់ពូល F នៃព្រឹត្តិការណ៍ UEFA Euro 2024 បើទោះជាការប្រកួតមានច្របូកច្របល់បន្តិចក្តី។
ជាការពិត ក្រុមតួកគី បានយកឈ្នះក្រុមជម្រើសជាតិ ឆែក ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតបិទពូល F ហើយជំនួបនោះមានភាពរញ៉េរញ៉ៃច្របូកច្របល់ ដោយសារប៉ះទង្គិចរវាងក្រុមកីឡាករ ហើយអាជ្ញាកណ្ដាល បានចាយកាតលើកីឡាករ១៨នាក់ ដែលត្រូវបានគេចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយក្នុងពានរង្វាន់ EURO ដែលមិនធ្លាប់មានពីមុនមក។
កីឡាករទាំង១៨នាក់មាន ពីរនាក់ទទួលបានកាតក្រហមក្នុងនោះទទួលបានកាតលឿង២ដងស្មើកាតក្រហមគឺធ្លាក់ទៅលើកីឡាករ Antonin Barak របស់ឆេក ដោយកាតលឿងទាំងពីរទទួលបាននៅនាទីទី១១ និងនាទីទី២០ ។ ស្របពេលកាតក្រហមទី២ក៏បានទៅលើកីឡាករឆែកដដែលគឺធ្លាក់ទៅលើខ្សែប្រយុទ្ធ Tomas Chory នាទីទី៩០+៨។ ក្រៅពីនោះគឺកាតលឿងចំនួន៥បានទៅកីឡាកររបស់ ឆែក ៥នាក់ផ្សេងទៀត។ រីឯកីឡាកររបស់ តួកគី វិញគឺទទួលបានកាតលឿងចំនួន១១នាក់តែម្ដង ក្នុងនោះមានកីឡាករដែលប្ដូរចូលចំនួន ៣ នាក់និងកីឡាករ៨នាក់នៅលើទីលាន។
សម្រាប់គ្រាប់បាល់ដែលស៊ុតបញ្ចូលទីវិញគឺ តួកគីរកបានគ្រាប់បាល់ដោយ Hakan Çalhanoğlu នៅនាទី៥១ និង Cenk Tosun នៅនាទី ៩០+៤ ខណៈក្រុមឆេករកបាន១គ្រាប់ដោយ Tomáš Souček នៅនាទី៦៦។ ជ័យជម្នះរបស់តួកគីលើឆែកនេះ បានជួយអោយពួកគេបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 ដែលបានធ្វើអោយគ្រូបង្វឹកទួរគី លោក Vincenzo Montella បង្ហាញពីភាពរីករាយនឹងការខិតខំរបស់កូនក្រុម។
គ្រូបង្វឹកវ័យ ៥០ឆ្នាំ បានអោយដឹងថា “ទោះការប្រកួតហាក់មានភាពរញ៉េរញ៉ៃបន្តិច ប៉ុន្តែពួកយើងនៅតែធ្វើបានល្អ និងខិតខំរហូតទទួលបានជ័យជម្នះក្នុងការប្រកួត។ ខ្ញុំពិតជាចង់អរគុណដល់កីឡាកររបស់ខ្ញុំ ព្រោះបើទោះជាក្រុមរបស់យើងមានកីឡាករក្មេងខ្ចីច្រើន ប៉ុន្តែពួកគេបានលះបង់រហូតជួយក្រុមឆ្លងទៅវគ្គបន្តបាន។”
ដោយឡែក ការប្រកួត១គូទៀតគឺ ហ្សកហ្ស៊ី ឈ្នះព័រទុយហ្កាល់ ២-០។
ដូច្នេះក្នុងពូល F នេះគឺ ព័រទុយហ្គាល់ លេខ ១ ហើយទួរគី នៅលេខ២ និង ហ្សកហ្ស៊ី ទទួលបានលេខ៣ល្អផងដែរ ដែលទាំង៣ក្រុមបានឡើងវគ្គ១៦ក្រុមចុងក្រោយដូចគ្នា រីឯឆេកត្រូវត្រឡប់ទៅផ្ទះវិញ៕