×

ខ្សែការពារ Nacho ចូលរួមក្លិបអារ៉ាប៊ីសាអូឌីត Al-Qadsiah ក្រោយចាកចេញពី Real Madrid

ខ្សែការពារ Nacho បានក្លាយជាកីឡាករល្បីឈ្មោះចុងក្រោយមួយរូបទៀតដែលបានចាកចេញពីការប្រកួតប្រជែងនៅអឺរ៉ុប ហើយធ្វើដំណើរទៅចូលរួមលីគបាល់ទាត់អារ៉ាប៊ីសាអូឌីត Saudi Pro League ដោយចូលរួមជាមួយក្លិបទើបឡើងមកថ្មី Al-Qadsiah។

ជាការពិត Nacho ទើបតែបានចាកចេញពី Real Madrid ក្រោយរួមរស់ជាមួយគ្នា រយៈពេល២៣ឆ្នាំកន្លងមក។

នៅក្នុងការមកចូលរួមក្លិប Al-Qadsiah កីឡាករវ័យ៣៤ឆ្នាំ បាននិយាយថា ការផ្លាស់ប្តូរនេះគឺជា ការសម្រេចចិត្តដ៏លំបាកបំផុតនៃជីវិតរបស់គេ តែថា ការមកទឹកដីអារ៉ាប៊ីសាអូឌីតនេះ គឺគេកំពុងស្វែងរកបទពិសោធន៍ថ្មី។

Al-Qadsiah ដែលមានមូលដ្ឋាននៅទីក្រុង Khobar ដែលបានឈ្នះជើងឯកលីគកំពូលទី២ Saudi First Division League ក្នុងរដូវកាលឆ្នាំ២០២៣-២៤ ដើម្បីឡើងទៅកាន់ក្របខ័ណ្ឌកំពូលអារ៉ាប៊ីសាអូឌិតនោះ បានប្រកាសពីការចុះហត្ថលេខារបស់ Nacho កាលពីថ្ងៃព្រហស្បតិ៍។

Nacho បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០១ ដោយដំឡើងមកពីឈុតយុវជន ហើយបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំក្នុងឆ្នាំ ២០១១ ។ រូបគេបានឈ្នះពានរង្វាន់ UEFA Champions League ចំនួន៦ដងនៅទឹកដី Santiago Bernabeu ព្រមទាំងពានរង្វាន់ La Liga ចំនួន៤ និង Copa del Reys ចំនួន២ដងផងដែរ។ រូបគេនឹងបង្ហាញខ្លួនជាមួយក្លិបថ្មីAl-Qadsiahបន្ទាប់ពីយុទ្ធនាការ UEF Euro 2024 របស់អេស្ប៉ាញ បានបញ្ចប់។

Nacho គឺជាកីឡាករល្បីឈ្មោះនៅអឺរ៉ុបមួយរូបដែលបានចូលរួមជាមួយក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការចូលរួមរបស់កីឡាករល្បីៗផ្សេងទៀតដូចជាអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលចូលរួម Al Nassr នៅឆ្នាំ២០២២ និង Karim Benzema ដែលចូលរួម Al-Ittihad នៅឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង