ខ្សែប្រយុទ្ធ Lionel Messi អាចនឹងទទួលបានការអនុញ្ញាតអោយសម្រាក ក្នុងការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុមជម្រើសជាតិប៉េរូ នៅក្នុងការប្រកួតជុំទី៣ ដែលជាការប្រកួតបិទបញ្ចប់ពូល A នៃព្រឹត្តិការណ៍ Copa América 2024។
Messi ដែលឈានចូលអាយុ៣៧ឆ្នាំ ក្នុងសប្តាហ៍នេះ បានបង្ហាញខ្លួននៅ២ប្រកួតដំបូងរបស់ក្រុមអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯកនៃពានរង្វាន់ទ្វីបអាមេរិកខាងត្បូង នៅឆ្នាំ២០២៤ ដោយបានឈ្នះកាណាដា ២-០ និង ឈ្នះ ឈីលី ១-០។ យ៉ាងណា ក្នុងប្រកួតឈ្នះក្រុមឈីលីនោះ Messi បានមានបញ្ហាសាច់ដុំភ្លៅ ដែលទាមទារអោយមានការព្យាបាលរយៈពេលខ្លីៗ។
ដូច្នេះហើយ Messi មានភាគរយខ្ពស់ដែលនឹងត្រូវដាក់អោយសម្រាកក្នុងការប្រកួតទល់នឹងក្រុមប៉េរូ ដើម្បីមានពេលវេលាអោយរបួសបានធូរស្រាលខ្លះ។
មួយវិញទៀត ជាមួយនឹងការឈ្នះ២ប្រកួតដំបូងនោះ ក្រុមអាហ្សង់ទីន មានលទ្ធភាពខ្ពស់ក្នុងការធានាកៅអីទៅកាន់ជុំបន្តរួចទៅហើយ ដូច្នេះការដាក់អោយកីឡាករសំខាន់ដូចជា Messi បានសម្រាកនោះ នឹងមិនចោទជាបញ្ហាធំដុំ សម្រាប់គ្រូបង្វឹកលោក Lionel Scaloni នោះទេ។
អាហ្សង់ទីនបច្ចុប្បន្នមាន៦ពិន្ទុឈរកំពូលតារាងពូល A នៃព្រឹត្តិការណ៍ Copa América 2024 ខណៈកាដាណាឈរលេខ២ មាន៣ពិន្ទុ ហើយឈីលី និង ប៉េរូ មាន១ពិន្ទុដូចគ្នា។
ការប្រកួតបិទពូល A គឺ អាហ្សង់ទីនត្រូវប៉ះប៉េរូ ហើយ កាណាដា ប៉ះ ឈីលី ដែលការប្រកួតធ្វើឡើងនាយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ៕