×

អង់គ្លេសនឹងលេង២ប្រកួតរបស់ UEFA ដោយគ្មានអ្នកគាំទ្រនៅកីឡដ្ឋាន Wembley ដោយសារភាពចលាចលអំឡុងព្រឹត្តិការណ៍ Euro 2020

ក្រុមជម្រើសជាតិអង់គ្លេស បានរងពិន័យលេងការប្រកួតរបស់ UEFA នាឯទីលាន Wembley ដោយគ្មានអ្នកគាំទ្រចំនួន២ប្រកួត បន្ទាប់ពីពួកគេមិនអាចគ្រប់គ្រងភាពចលាចល អំឡុងវគ្គផ្តាច់ព្រ័ត្រ Euro 2020 ។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA។

កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ រវាងអង់គ្លេស និងអ៊ីតាលី នាថ្ងៃទី១១ ខែកក្កដាកន្លងមក ក្រុមអ្នកគាំទ្រជាច្រើន បានបង្កហិង្សាជាមួយក្រុមមន្រ្តីប៉ូលិស ដែលរក្សាសន្តិសុខនៅក្រៅកីឡដ្ឋាន Wembley ដើម្បីសម្រុកចូលកីឡដ្ឋានអំឡុងការប្រកួត។

ក្រៅពីការពិន័យមិនឱ្យអ្នកគាំទ្រចូលទីលានជាលើកដំបូងហើយ សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ត្រូវផាកពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនអឺរ៉ូថែមទៀត។

ក្រោយទទួលបានដំណឹងខាងលើ សហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏បានចេញមកបកស្រាយដែរថា រឿងដែលកើតឡើងគឺពិតជាគួរឱ្យអាម៉ាស ហើយពួកគេធានាថា នឹងមិនឱ្យមានរឿងកើតឡើងទៀតឡើយ។

ប៉ុន្តែរូបភាពទាំងនោះ ត្រូវបានមើលឃើញសាជាថ្មីក្នុងការប្រកួតទល់ក្រុមហុងគ្រីនៃវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប ដោយអ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នាសម្រុកចូលទីលាន Wembley ដោយមិនមានសំបុត្រចូលទស្សនាឡើយ ហើយបានបង្កហិង្សាជាមួយនឹងក្រុមប៉ូលិសថែមទៀត។

បន្ទាប់ពីវិភាគលើរបាយការណ៍នៃការប្រកួតចុងក្រោយរបស់អង់គ្លេសរួចមក សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានបើកការស៊ើបអង្កេតលើករណីនេះ ក្នុងជំនួបអង់គ្លេសទល់ហុងគ្រី។ មិនតែប៉ុណ្ណោះការប្រកួតរវាង ប៉ូឡូញ នឹងអាល់បានី ត្រូវស៊ើបអង្កេតដែរ ហើយ FIFA នឹងចាត់វិធានការលើបញ្ហាទាំងអស់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង