ខ្សែប្រយុទ្ធ Kylian Mbappe បានបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហារបួសច្រមុះរបស់ខ្លួន ដែលអាចបង្កជាផលប៉ះពាល់ក្នុងការប្រកួតដ៏តានតឹងដែលក្រុមបាល់ទាត់ជម្រើសជាតិបារាំងត្រូវប៉ះក្រុមជម្រើសជាតិបែលហ្ស៊ីក វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 យប់នេះ។
ជាការពិត ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានរងរបួសបាក់ខ្ទង់ច្រមុះ ការប៉ះទង្គិចជាមួយកីឡាករ Kevin Danso កាលពីជំនួបវគ្គចែកពូលទល់នឹងក្រុមអូទ្រីស។ នៅពេល Mbappe ទទួលរងរបួសដំបូង មានការព្រួយបារម្ភថា រូបគេនឹងត្រូវឆ្លងកាត់ការវះកាត់ខ្ទង់ច្រមុះ។ ការវះកាត់អាចនឹងបណ្ដាលអោយរូបគេ ខកខានជួយក្រុមជម្រើសជាតិរបស់ខ្លួនរហូតដល់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Euro 2024។ ជាសំណាងល្អ របួសមិនតម្រូវអោយ Mbappe វះកាត់ព្យាបាលភ្លាមៗ តែរូបគេត្រូវពាក់ម៉ាសមុខពិសេសមួយដើម្បីការពារ។
យ៉ាងណា សាមីកីឡាករមិនពេញចិត្តនឹងការពាក់ម៉ាសមុខពិសេសទេ ព្រោះតែម៉ាសនេះមានសភាពក្រាស់ ដែលធ្វើអោយកម្រិតនៃការមើលឆ្ងាយពិបាក និង ធ្វើអោយទម្រង់លេងមានភាពច្របូកច្របល់។ បន្ថែមពីនេះ Mbappe ក៏បង្ហើបដែរថា ការពាក់ម៉ាសមុខពិតជារំខានខ្លាំងណាស់។ បែបនេះក្តី Mbappe នៅបន្តជួយក្រុមរហូតអាចឡើងមកកាន់ វគ្គ១៦ក្រុមចុងក្រោយដែលត្រូវប៉ះក្រុមជើងខ្លាំងបែលហ្ស៊ីក។
នៅក្នុងការត្រៀមខ្លួនប៉ះក្រុមបែលហ្ស៊ីក Kylian Mbappe ក៏បានបង្ហាញពីក្តីកង្វល់របស់ខ្លួន ព្រោះទាំងរបួសដែលឈឺចាប់ និង ការពាក់ម៉ាសមុខដ៏រំខាន អាចនឹងប៉ះដល់ការលេងរបស់គេផង និង ប៉ះពាល់ដល់ការលេងរបស់ក្រុមទាំងមូលផង។ យ៉ាងណាមិញ Mbappe អះអាងថា រូបគេ ក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីឆ្លងកាត់ការឈឺចាប់។
កីឡាករវ័យ២៥ឆ្នាំបានអោយដឹងមុនការប្រកួតចូលមកដល់ថា “នៅពេលដែលខ្ញុំសម្រេចចិត្តលេងទាំងដែលមិនទាន់វះកាត់ព្យាបាលរបួសច្រមុះ ខ្ញុំត្រូវតែយល់ព្រមទទួលយកការឈឺចាប់ហើយសម្របខ្លួន។ យ៉ាងណា ខ្ញុំមានការបារម្ភថា ការឈឺចាប់ពីរបួស និង ការពាក់ម៉ាសមុខ អាចធ្វើអោយមានការរំខានដល់ការលេងទល់នឹងក្រុមខ្លាំងដូចជាបែលហ្ស៊ីក ហើយខ្ញុំក៏នឹង ក្លាយជាគោលដៅ ពីកីឡាករក្រុមគូប្រជែងដែរ។ ប៉ុន្តែ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ហើយខ្ញុំនឹងតស៊ូអោយដល់ទីបំផុតដើម្បីក្រុមទទួលបានលទ្ធផលល្អ។”
សូមបញ្ជាក់ថា ជំនួបរវាងក្រុមបារាំងទល់នឹងក្រុមបែលហ្ស៊ីកនៅវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 នឹងធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង ១១ យប់តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕