គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis De La Fuente បានលើកសរសើរកូនក្រុមរបស់ខ្លួន ដែលអាចបង្កើតឱកាសល្អៗជាច្រើន រហូតទទួលបានជ័យជំនះទៅលើក្រុមជម្រើសជាតិហ្សកហ្ស៊ី នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024។
ក្រុមអេស្ប៉ាញ បង្ហាញទម្រង់លេងកាន់តែល្អ ក្នុងជំនួបឈ្នះ លើក្រុមហ្ស៊កហ្ស៊ី ដោយការប្រកួតនោះ អេស្ប៉ាញបានគ្របដណ្តប់លើគូប្រជែងខ្លាំង គឺអាចគ្រប់គ្រងបាល់ដល់ទៅ៧៥ភាគរយ មានឱកាសស៊ុតដល់ទៅ៣៥ដង រីឯហ្សកហ្ស៊ី មានឱកាសស៊ុតតែ៤ដងប៉ុណ្ណោះ។ យ៉ាងណា លេងបាន១៨នាទី Robin Le Normand បានភ្លាត់អោយបាល់ចូលទីខ្លួនឯងធ្វើអោយហ្សកហ្ស៊ីនាំមុខមុន តែ Rodri បានតាមស្មើវិញនៅនាទី៣៩មុនចប់វគ្គទី១។
នៅវគ្គទី២ អេស្ប៉ាញបន្តការលេងយ៉ាងល្អ ហើយអាចរកបានគ្រាប់បាល់៣គ្រាប់ផ្ទួនៗទៀត ដែលធ្វើបានដោយ Fabián Ruiz នាទី៥១ Nico Williams នាទី៧៥ និង Dani Olmo នាទី៨៣ ដើម្បីឈ្នះការប្រកួត ដោយលទ្ធផលអេស្ប៉ាញ ៤ ហ្សកហ្ស៊ី១។
ជាមួយការធ្វើបានល្អរបស់កូនក្រុមលោក Luis De La Fuente គ្រូបង្វឹកក្រុមអេស្ប៉ាញ បានបង្ហាញពីការពេញចិត្ត និងកោតសរសើរ ពីការបង្កើតឱកាសល្អៗនៅក្នុងការប្រកួត។
បុរសវ័យ៦៣ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតថា “គូប្រជែងរបស់យើងជាក្រុមខ្លាំងមួយ ដែលអាចស្វែងរកការវាយបកមកយើងវិញ ប៉ុន្តែកីឡាកររបស់ខ្ញុំនៅតែរក្សាទម្រង់លេងបានល្អ និងបង្កើតឱកាសវាយលុកជាច្រើនដង។ យើងអាចគ្រប់គ្រងការប្រកួតនេះទាំងស្រុង ហើយយើងលេងស៊ីចង្វាក់គ្នាមែនទែន។ ខ្ញុំពិតជាមានភាពរីករាយចំពោះការខិតខំរបស់កីឡាករ រហូតទទួលបានជ័យជម្នះ។”
សម្រាប់ការឈ្នះនេះ អេស្ប៉ាញដែលជាជើងឯក UEFA Euro ៣សម័យ នឹងបន្តដំណើរទៅកាន់វគ្គ ៨ក្រុម ជាលើកទី៨ ក្នុងប្រវត្តិសាស្រ្តខ្លួន ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ជាជើងឯក UEFA Euro ៣សម័យដូចគ្នាបន្ទាប់ពីពួកគេបានទម្លាក់ដាណឺម៉ាក២-០។ ហ្ស៊កហ្ស៊ីដែលបង្ហាញខ្លួនលើកដំបូង និងឡើងវគ្គ ១៦លើក ដំបូង ក៏ត្រូវហាល់អាវត្រឹមវគ្គនេះដូចគ្នា៕