គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស លោក Ralf Rangnick បាននិយាយថា ក្រុមរបស់លោក ត្រូវការផ្លូវចិត្តរឹងមាំ និងភាពវាងរៃរហ័សរហួន ក្នុងការប្រកួតទល់នឹងក្រុមតួកគី នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024 នាយប់នេះ។
ក្រុមអូទ្រីសបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024 ទាំងភា្ញក់ផ្អើលខ្លួនឯង ដោយពួកគេបានឈរកំពូលតារាងពូល D ពីលើក្រុមជើងខ្លាំងដូចជា បារាំង និង ហូឡង់ ហើយបានឡើងមកជួបក្រុមតួកគី។
ការប្រកួតរវាងអូទ្រីស និង តួកគី នឹងធ្វើឡើងនាកីឡដ្ឋាន Red Bull Arena នាទីក្រុង Leipzig ជាទីដែល លោក Ralf Rangnick បានចំណាយពេល ៩ ឆ្នាំក្នុងតួនាទីជានាយកកីឡា និងជាគ្រូបង្វឹកចំនួន ២ ដង ដឹកនាំក្លិប RB Leipzig ដែលជាម្ចាស់កីឡដ្ឋាននេះ ហើយការត្រលប់មកវិញដែលមិននឹកស្មានដល់នេះគឺជាអ្វីដែលលោកពិបាកនឹងជឿ។
ការដឹកនាំក្រុមអូទ្រីសមកប្រកួតលើកីឡដ្ឋាន Red Bull Arena នេះ លោក Ralf Rangnick មានអារម្មណ៍ថា ដូចជាការមកប្រកួតលើទឹកដីខ្លួនឯង ដែលវាជាអត្ថប្រយោជន៍មួយ ព្រោះលោកមានបទពិសោធនៅទីនេះជាយូរឆ្នាំ។ យ៉ាងណាក៏ដោយ អតីតគ្រូបង្វឹក RB Leipzig រូបនេះ នៅតែទាមទារអោយកីឡាករក្រុមអូទ្រីស មានផ្លូវចិត្តរឹងមាំ និង ភាពឆ្លាតវៃដដែល ព្រោះការប្រកួតទល់នឹងក្រុមជើងខ្លាំងដូចជាក្រុមតួកគី គឺពួកគេមិនអាចធ្វេសប្រហែសបាននោះទេ។
នៅមុនការប្រកួតចូលមកដល់ គ្រូបង្វឹកវ័យ ៦៦ឆ្នាំ បាននិយាយពីអារម្មណ៍របស់ខ្លួនដូច្នេះថា “ការឡើងមកនេះ ខ្ញុំសឹងមិនជឿថា ក្រុមអូទ្រីសអាចធ្វើបានល្អជាងក្រុមបារាំង និង ហូឡង់ ហើយកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ ខ្ញុំបានដឹកនាំក្រុមមកប្រកួតលើកីឡដ្ឋានរបស់ក្លិប RB Leipzig ដែលជាក្លិបខ្ញុំធ្លាប់បានរួមការងារជាមួយពួកគេជាច្រើនឆ្នាំ។ ខ្ញុំមានសុទិដ្ឋិនិយមថា ពួកយើង នឹងធ្វើបានល្អនៅទីនេះ ប៉ុន្តែខ្ញុំក៏ទាមទារអោយកីឡាកររបស់ខ្ញុំត្រូវតែឆ្លាតវៃ និងមានការតាំងចិត្តខ្ពស់ ព្រោះយើងត្រូវប្រកួតទល់នឹងក្រុមទួរគី ដែលជាក្រុមជើងខ្លាំងមួយដែរ។”
សូមបញ្ជាក់ថា ជំនួបរវាងក្រុមជម្រើសជាតិអូទ្រីស និង ក្រុមជម្រើសជាតិតួកគី ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Euro 2024 នឹងធ្វើឡើងចាប់ពីម៉ោង ២ រំលងអាធ្រាត្រយប់នេះ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕