គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក Roberto Martinez បានបង្ហាញពីមោទនភាពថា ក្រុមរបស់ខ្លួនជាក្រុមដែលមានកម្លាំងផ្លូវចិត្តដ៏ខ្លាំងក្លា ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិស្លូវេនី ដោយការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី នៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ UEFA Euro 2024។
ជាការពិត ព័រទុយហ្កាល់ នៅតែបន្តដំណើរទៅកាន់វគ្គ ៨ក្រុម ចុងក្រោយ បន្ទាប់ពីខ្លួនបានយកឈ្នះការប្រកួតដ៏តានតឹងលើក្រុមស្លូវេនី ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ លទ្ធផល ៣-០ ក្រោយការប្រកួតស្មើលទ្ធផល ០-០ រយៈពេល ១២០នាទី។
ជំនួបក្នុងវគ្គទីមួយ ព័រទុយហ្កាល់បើកការវាយសម្រុកយ៉ាងខ្លាំង តែស្លូវេនីក៏អាចការពារសំណាញ់ទីយ៉ាងល្អដែរ ដែលធ្វើអោយវគ្គទី១ មិនមានគ្រាប់បាល់បញ្ចូលទី។
រីឯជំនួបវគ្គទី២វិញ ក៏មិនមានការស៊ុតគ្រាប់បាល់នោះដែរ ហើយបានអូសបន្លាយរហូតដល់ចប់ ៩០នាទី ។ ក្រុមទាំង២ បន្តចូលលេងវគ្គបន្ថែមម៉ោង ១៥នាទី ២ដង។ នាទី១០៤ កីឡាករ Vanja Drkusic របស់ស្លូវេនី បានបង្កកំហុសលើកីឡាករ Diogo Jota ដែលនាំអោយព័រទុយហ្កាល់ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ។ ប្រធានក្រុម Cristiano Ronaldo ជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រនេះ ប៉ុន្តែរូបគេ ធ្វើមិនសម្រេច។ ការប្រកួតដែលគ្មានគ្រាប់បាល់បានបន្តដល់ចប់១២០នាទី រហូតឈានដល់ការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ដោយក្នុងនោះព័រទុយហ្កាល់ធ្វើបាន ៣គ្រាប់ រីឯស្លូវេនី មិនអាចស៊ុតបញ្ចូលទីបានទេ ព្រោះអ្នកចាំទី Diego Costa សង្គ្រោះបាល់បាន ៣លើក ជាប់ៗគ្នា។ ដូច្នេះ ព័រទុយហ្កាល់ជាក្រុមទទួលបានជ័យជំនះ។
ទោះជាការប្រកួតមានភាពតានតឹងខ្លាំង តែការព្យាយាមរបស់កីឡាករគ្រប់រូប ជួយក្រុមឈ្នះបែបនេះ បានធ្វើអោយគ្រូបង្វឹកព័រទុយហ្កាល់លោក Roberto Martinez មានភាពរីករាយ និងលើកសរសើរថា ក្រុមរបស់លោក ពិតជាមានកម្លាំងផ្លូវចិត្តដ៏ខ្លាំងក្លា។
គ្រូបង្វឹកវ័យ៥០ឆ្នាំ បានអោយដឹងថា “យើងបានបង្កើតឱកាសប៉ុន្តែយើងក្តាប់វាមិនបាន។ យ៉ាងណា ក្រុមយើងមិនទទួលយកការចាញ់ឡើយ ដោយបន្តព្យាយាមយ៉ាងខ្លាំង។ វាជាអារម្មណ៍រំជួលចិត្តដែលឃើញកីឡាករប្រឹងប្រែងបែបនេះ។ ខ្ញុំឃើញថា ក្រុមរបស់យើង ជាក្រុមដែលមានកម្លាំងចិត្តយ៉ាងខ្លាំងក្លារឹងមាំ ហើយយើងសមនឹងទទួលបានការឈ្នះ។”
ជ័យជំនះនេះ ធ្វើអោយព័រទុយហ្កាល់បន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 ដោយត្រូវប៉ះក្រុមបារាំង ក្រោយពីបានទម្លាក់ក្រុមបែលហ្ស៊ីក ដោយលទ្ធផល ១-០៕