ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានការប្រកួតរវាង Paris Saint-Germain ទល់នឹង RB Leipzig នៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions League ដោយសារតែរបួសក្រលៀន។
កីឡាករវ័យ២៩ឆ្នាំ បានរងរបួសនេះក្រោយត្រឡប់មកពីបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងកូឡុំប៊ី និងអ៊ុយរុយហ្គាយ។
ជុំវិញរឿងនេះ អ្នកចាត់ការ Paris Saint-Germain លោក Mauricio Pochettino បាននិយាយថា៖ “អាទិភាពធំបំផុតគឺសុខភាពរបស់កីឡាករ។ Neymar មានបញ្ហាបន្តិចបន្តួចដែលយើងសង្ឃឹមថាគេនឹងជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃទៀត”។
លោក Pochettino បានបន្ថែមទៀតថា៖ “Neymar Jr បានបញ្ហាចាប់តាំងពីត្រលប់មកពីក្រុមជម្រើសជាតិប្រេស៊ីលមកម្ល៉េះ នេះគឺជាមូលហេតុដែលគេខកខានការប្រកួត Ligue 1 ទល់នឹង Angers ដែល PSG ទទួលជ័យជម្នះ ២-១ សប្តាហ៍ទី១០។”
ក្រៅពីបញ្ហារបួសរបស់ Neymar ហើយ ខ្សែបម្រើ Leandro Paredes និងខ្សែការពារ Sergio Ramos ក៏ខកខានការប្រកួត Champions League ផងដែរដោយសាររបួស។
ឆ្លងកាត់២ប្រកួតរួចមក បច្ចុប្បន្ន PSG កំពុងឈរនៅលើកំពូលតារាងពូល A នៃការប្រកួត Champions League ដោយបានស្មើជាមួយ Club Bruges ១-១ ហើយបានផ្តួលក្រុម Man City ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Parc des Princes៕