ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ មកដល់ការប្រកួតវគ្គ ១៦ក្រុម UEFA Euro 2024 ដោយបង្ហាញទម្រង់លេងក៏ល្អខ្លាំង ដើម្បីដណ្តើមបានកៅអីវគ្គ ៨ក្រុម ចុងក្រោយ ដោយទម្លាក់ក្រុមរូម៉ានី នៅក្នុងការប្រកួតយកឈ្នះដោយលទ្ធផល ៣-០ កាលពីយប់មិញ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Allianz Arena ហូឡង់ហាក់បីជាបង្ហាញទម្រង់លេងល្អប្លែក ដោយមិនត្រឹមតែមានឱកាសច្រើននោះទេ ពួកគេស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូលតែម្ដង ពោលគឺឱកាសស៊ុតសំដៅទីរបស់រូម៉ានី ហូឡង់អាចស៊ុតរហូត២២ ដង។ លេងបានត្រឹម២០នាទី Cody Gakpo ស៊ុតបើកឆាកអោយហូឡង់ នៅវគ្គទី១។
ចូលវគ្គទីពីរ ក្រុមទាំងសងខាង បានវាយសម្រុកគ្នាទៅមកកាន់តែខ្លាំង តែយ៉ាងណា ហូឡង់លេងល្អជាងហើយរកបានគ្រាប់បាល់ទី២ ដោយការស៊ុតរបស់ Donyell Malen នៅនាទី៨៣។ នាទី៩០+៣ Donyell Malen ដដែលក៏រកបានគ្រាប់បាល់ទី៣ អោយហូឡង់ ឈ្នះទាំងស្រុង។
ឈ្នះការប្រកួត ហូឡង់ឡើងវគ្គ ៨ក្រុម ជាលើកជាទី៨ ក្នុងប្រវត្តិសាស្ត្រពានរង្វាន់ទ្វីបអឺរ៉ុប ដែលពួកគេធ្លាប់ធ្វើបាន។ ហូឡង់ក៏ជាម្ចាស់ពាន ១សម័យ ដោយបានឈ្នះកាលពីឆ្នាំ ១៩៨៨។
ជាមួយការធ្វើបានល្អ គ្រូបង្វឹកក្រុមហូឡង់ លោក Ronald Koeman ហាក់មានភាពពេញចិត្តយ៉ាងខ្លាំង និងថា លោកចង់ឃើញកូនក្រុម លេងបែបនេះទើបអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។
លោក Ronald Koeman បានអោយដឹងក្រោយចប់ការប្រកួតបែបនេះ “ខ្ញុំចង់ឃើញកូនក្រុម លេងបែបនេះ កម្រិតនេះដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មិនថាប៉ះក្រុមណាទេ។ វាពិបាកក្នុងការពន្យល់ ហេតុអីពេលខ្លះលេងល្អ ពេលខ្លះលេងមិនល្អ ប៉ុន្តែនេះវាអាចមកពីការប្រកួតផ្សេងគ្នា។ យ៉ាងណា ខ្ញុំជឿថាក្រុមរបស់ខ្ញុំនឹងមានការវិវឌ្ឍន៍ខ្លួន ដើម្បីអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងគ្រងជើងឯក EURO 2024 នេះ។”
ក្រោយបញ្ចប់ការប្រកួតនេះទៅ ហូឡង់ជាក្រុមកក់កៅអីវគ្គ ៨ក្រុម ចុងក្រោយ ពានរង្វាន់ UEFA Euro 2024 បន្ថែម ១ទៀត រីឯរូម៉ានី ត្រូវត្រឡប់ទៅផ្ទះវិញត្រឹមនេះ៕