ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់ចូលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនឡើងវិញហើយ ក្រោយពីបានសម្រាកមួយប្រកួតរួចមក នៅក្នុងព្រឹត្តិការណ៍ Copa America 2024។
ជាការពិត កីឡាករវ័យ៣៧ឆ្នាំ បានចូលលេង២ប្រកួតដំបូងនៅវគ្គចែកពូលគឺការប្រកួតឈ្នះកាណាដា ២-០ និង ឈ្នះ ឈីលី ១-០។ យ៉ាងណា ក្នុងប្រកួតឈ្នះក្រុមឈីលីនោះ Messi បានមានបញ្ហាសាច់ដុំភ្លៅ ដែលទាមទារអោយមានការព្យាបាលរយៈពេលខ្លី។ ដូច្នេះហើយគេបានខកខានការប្រកួតក្នុងជំនួបដែលក្រុមអាហ្សង់ទីនយកឈ្នះដោយលទ្ធផល ២-០ លើក្រុមប៉េរូ នៅក្នុងការប្រកួតចុងក្រោយ នៃវគ្គចែក ពូល A ។
យ៉ាងណា ក្រោយពីការសម្រាករយៈពេលប៉ុន្មានថ្ងៃ សហព័ន្ធបាល់ទាត់អាហ្សង់ទីន ក៏បានចេញសេចក្តីប្រកាសថា Messi បានវិលត្រឡប់ចូលហ្វឹកហាត់ដើម្បីត្រៀមសម្រាប់ការប្រកួត បន្ទាប់ពីរូបគេបានធ្វើតេស្តអំពីបញ្ហារបួសរួចមក។
ដោយឡែក នៅក្នុងការប្រកួតពានរង្វាន់ Copa America ក្នុងឆ្នាំ ២០២៤ នេះ Messi មិនទាន់រកបានគ្រាប់បាល់នៅឡើយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ហើយក៏លើកដំបូងក្នុងការប្រកួតអន្តរជាតិសម្រាប់រូបគេ។
សូមបញ្ជាក់ថា អាហ្សង់ទីនដែលជាក្រុមការពារជើងឯកពានរង្វាន់ Copa America ឆ្នាំនេះ នឹងត្រូវជួបតទល់នឹងក្រុមអេក្វាទ័រ នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ធ្វើឡើងនាយប់ថ្ងៃទី៤ ខែកក្កដា នាកីឡដ្ឋាន NRG Stadium ស្ថិតនៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក៕