×

អភិបាលទីក្រុងប៉ារីស ធានាថា បញ្ហានយោបាយនៅបារាំង មិនប៉ះពាល់អូឡាំពិក ២០២៤

អភិបាលទីក្រុងប៉ារីស អ្នកស្រី Anne Hidalgo បានធ្វើការធានាថា ការនាំមុខនៅក្នុងការបោះឆ្នោតសភាបារាំងជុំទី១ របស់គណបក្សស្តាំនិយមជ្រុល មិនបានប៉ះពាល់ដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ ឡើយ។

បក្សស្តាំនិយមជ្រុល RN របស់លោកស្រី Marine Le Pen បានឈ្នះការបោះឆ្នោតរដ្ឋសភាជុំទីមួយ នៅថ្ងៃទី៣០ ខែមិថុនា ដោយទទួលបានសំឡេងគាំទ្រ ៣៣,១៥ភាគរយនាំមុខបក្សសម្ព័ន្ធ Ensemble របស់លោក Emmanuel Macron ទទួលបានសំឡេងត្រឹម ២០,៧៦ ភាគរយ ប៉ុណ្ណោះ។

ការបោះឆ្នោតសភាជុំទី២ គ្រោងធ្វើនៅថ្ងៃអាទិត្យសប្តាហ៍នេះ ពោលគឺរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ មុនពេលពិធីបើកកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ខណៈដែលសភាត្រូវបានព្យួរអាចបណ្តាលអោយមានបញ្ហាផ្នែកនយោបាយ និងចលាចលអស់ជាច្រើនខែ។

ជាមួយនឹងលទ្ធផលនេះមានការលើកឡើងជាច្រើន រួមទាំងការលើកឡើងរបស់អតីតប្រធានផ្នែកទីផ្សារនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ IOC លោក Michael Payne ពាក់ព័ន្ធនឹងហានិភ័យ ចំពោះការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅក្នុងទីក្រុងប៉ារីស ចំពេលដែលអស្ថិរភាពនយោបាយ របស់ប្រទេសបារាំង គឺជាបញ្ហាចម្បងនៃការរំខានជាសាធារណៈ។

យ៉ាងណា អ្នកស្រី Hidalgo បានប្រាប់ថា ព្រឹត្តិការណ៍អូឡាំពិក ២០២៤ នឹងនៅតែដំណើរការរលូន នឹងរក្សាសុវត្ថិភាពពេញលេញសម្រាប់អត្តពលិក និងអ្នកគាំទ្រពីជុំវិញពិភពលោក។

អ្នកស្រី Hidalgo បានអោយដឹងដូច្នេះ “ខ្ញុំសូមនិយាយទៅកាន់អ្នកគាំទ្រមកពីជុំវិញពិភពលោក អាចមកកាន់ព្រឹត្តិការណ៍អូឡាំពិកបាន ព្រោះទីក្រុងប៉ារីសជាទីក្រុងដែលនៅតែមានសុវត្ថិភាព និងសេរីភាពសម្រាប់អ្នកចូលរួមទាំងអស់។”

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នឹងចាប់ផ្តើមផ្លូវការពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ដោយមានការប្រកួត៣២៩វិញ្ញាសា លើកីឡា៣២ប្រភេទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង