×

ខ្សែប្រយុទ្ធ Cristiano Ronaldo ចង់បន្តលេងនៅ FIFA World Cup 2026 ក្រោយមិនសូវគាប់ប្រសើរនៅ UEFA Euro 2024

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានរាយការណ៍ថា ចង់បន្តលេងនៅក្នុង ព្រឹត្តិការណ៍ FIFA World Cup 2026 ទៀត បន្ទាប់ពីរូបគេមិនសូវមានភាពគាប់ប្រសើរនៅព្រឹត្តិការណ៍ UEFA Euro 2024។

ជាការពិត UEFA Euro 2024 ជាការបង្ហាញខ្លួនលើកទី ៦ សម្រាប់ Ronaldo ខណៈរូបគេ ក៏ចង់បំបែកកំណត់ត្រាជាកីឡាករដែលរកបានគ្រាប់បាល់ នៅរាល់ការបង្ហាញខ្លួនគ្រប់កម្មវិធីផងដែរ។ យ៉ាងណា ត្រឹមវគ្គចែកពូល រហូតដល់វគ្គ ១៦ក្រុម បានក្លាយជាការប្រកួតលើកដំបូងសម្រាប់ Ronaldo ដែលមិនទាន់រកបានគ្រាប់បាល់។

កាលពីប្រកួតទល់នឹងក្រុមស្លូវេនី ប្រធានក្រុមព័រទុយហ្កាល់ ហៀបនឹងសម្រេចគ្រាប់បាល់ទៅហើយ តែត្រូវខកខានទៅវិញ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រត្រូវអ្នកចាំទីសង្គ្រោះបាន។

Ronaldo នៅតែបង្ហាញខ្លួនលេងពេលម៉ោងអោយក្រុមព័រទុយហ្កាល់នៅរាល់ការប្រកួតទាំងអស់ រូបគេបានលេងក្នុង UEFA Euro 2024 ទោះជាបីជាមានវ័យ ៣៩ឆ្នាំ ទៅហើយ។

UEFA Euro 2024 ត្រូវបានគេគិតថានឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Ronaldo ក្នុងព្រឹត្តិការណ៍អន្តរជាតិ ហើយមុនធ្វើដំណើរមកអាល្លឺម៉ង់ សាមីកីឡាករ ក៏បានបញ្ជាក់ថាការប្រកួតនេះ ទំនងជាការបង្ហាញខ្លួនលើកចុងក្រោយបង្អស់។ យ៉ាងណា ថ្មីៗនេះ Ronaldo ត្រូវបានរាយការណ៍ថា អាចនឹងបន្តមានវត្តមាននៅ FIFA World Cup 2026 ដើម្បីស្វែងរកកំណត់ត្រាជាច្រើនទៀត។ ការចង់បន្តការប្រកួតនៅពានរង្វាន់ World Cup 2026 របស់ Ronaldo នេះ កើតឡើងក្រោយពេលដែល ក្រុមព័រទុយហ្កាល់ឈ្នះក្រុមស្លូវេនី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៣-០ ក្រោយប្រកួតរយៈពេល ១២០នាទី ស្មើគ្នា ០-០ ។

ដោយឡែក Cristiano Ronaldo នឹងត្រូវចូលរួមជាមួយក្រុមព័រទុយហ្កាល់ បន្តការប្រកួត UEFA Euro 2024 វគ្គ៨ក្រុមចុងក្រោយ ទល់នឹងក្រុមបារាំង នាកីឡដ្ឋាន Volksparkstadion ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ យប់ថ្ងៃសៅរ៍ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង