កីឡាករលេខ១ពិភពលោក មកពីអ៊ីតាលី Jannik Sinner បានបន្តឡើងដល់ជុំទី៣ នៃការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2024។
ការឡើងមកនេះ បន្ទាប់ពីកីឡាករវ័យ២២ឆ្នាំ បានយកឈ្នះកីឡាករ Matteo Berrettini ជនជាតិអ៊ីតាលី ដូចគ្នា តាមរយៈលទ្ធផល 7-6 7-6 2-6 និង 7-6 នៅក្នុងការប្រកួតជុំទី២។
Jannik Sinner នឹងបន្តទៅជួបកីឡាករសែប Miomir Kecmanović ដែលបានទម្លាក់កីឡាករហូឡង់ Tallon Griekspoor។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីអ៊ីតាលី Jasmine Paolini ក៏បានបន្តឡើងទៅកាន់ការប្រកួតជុំទី៣ ដែរ ក្រោយយកឈ្នះកីឡាការិនីបែឡហ្ស៊ីក Greet Minnen នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 7-5 និង 6-2។
កីឡាការិនី Jasmine Paolini នឹងបន្តជួបកីឡាការិនីកាណាដា Bianca Andreescu ដែលបានយកឈ្នះកីឡាការិនីឆេក Linda Nosková។
មួយគូទៀតគឺកីឡាការិនីក្រិច Maria Sakkari បានយកឈ្នះកីឡាការិនី ហូឡង់ Arantxa Rus នៅក្នុងជុំទី២ ដោយលទ្ធផល 7-5 និង 6-3។
Maria Sakkari នឹងបន្តឡើងជុំទី៣ជួបកីឡាការិនីម្ចាស់ផ្ទះអង់គ្លេស Emma Raducanu ដែលបានទម្លាក់កីឡាការិនីបែលហ្ស៊ីក Elise Mertens៕