×

គ្រូអាល្លឺម៉ង់ថា ខ្លួនផ្តោតការយកចិត្តទុកដាក់លើកីឡាករខ្លួន ជាជាងគិតពីកីឡាករគូប្រជែងអេស្ប៉ាញ

លោក Julian Nagelsmann គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បាននិយាយថាលោកមិនចំណាយពេលច្រើនក្នុងការគិតអំពីកីឡាករយុវជន Lamine Yamal របស់ក្រុមអេស្ប៉ាញនោះទេ ហើយផ្តោតការយកចិត្តទុកដាក់លើកីឡាករខ្លួនឯងនិងពិចារណាលើផែនការយុទ្ធសាស្ត្រ នៅមុនការប្រកួត UEFA Euro 2024 វគ្គ៨ក្រុមដែលអាល្លឺម៉ង់ ត្រូវប៉ះអេស្ប៉ាញ។

ជាការពិត Lamine Yamal វ័យ ១៦ ឆ្នាំ ជាកីឡាករក្មេងបំផុតដែលចូលលេង UEFA Euro 2024 ត្រូវបានចាត់ទុកជាកីឡាករដ៏មានទេព្យកោសល្យ ដែលបានបង្កព្យុះភ្លៀងក្នុងព្រឹត្តិការណ៍នេះ។ តួយ៉ាង រូបគេបានជួយក្រុមអេស្ប៉ាញអោយទទួលជ័យជំនះ៤ ដងជាប់ៗគ្នាជាមួយនឹងល្បឿន និងការលេងប្រកបដោយភាពច្នៃប្រឌិតរបស់គេ។

Lamine Yamal ត្រូវបានជឿថា នឹងកា្លយជាកីឡាករអេស្ប៉ាញមួយរូបដែលអាចផ្តល់ផលវិបាកច្រើនដល់ក្រុមអាល្លឺម៉ង់។ យ៉ាងណាមិញ គ្រូបង្វឹកលោក Julian Nagelsmann អះអាងថា លោកមិនព្រួយបារម្ភខ្លាំងពីកីឡាករដែលមានទេពកោសល្យរបស់ក្រុមគូប្រជែងទេ ហើយលោកផ្តោតការយកចិត្តទុកដាក់អំពីកីឡាកររបស់លោកច្រើនជាង។

គ្រូបង្វឹកវ័យ ៣៦ឆ្នាំ បានអោយដឹងថា “ប្រាកដណាស់ Lamine Yamal ជាកីឡាករមានទេព្យកោសល្យល្អរបស់ក្រុមអេស្ប៉ាញ ហើយយើងនឹងត្រូវស្វែងរកវិធីដើម្បីគ្រប់គ្រងល្បឿន និងជំនាញរបស់គេ។ ប៉ុន្តែ នោះមិនមែនជាអ្វីដែលខ្ញុំព្រួយបារម្ភខ្លាំងទេ អ្វីដែលខ្ញុំយកចិត្តទុកដាក់នៅពេលនេះ គឺការលេងរបស់កូនក្រុមរបស់ខ្ញុំ រួមទាំងយុទ្ធសាស្ត្រនានា ដែលយើងត្រូវផ្លាស់ប្តូរ ឬប្រើប្រាស់ក្នុងការជួបគូប្រជែងជើងខ្លាំងរបស់យើងនៅពេលនេះ។”

ក្រុមអាល្លឺម៉ង់ ដែលមិនបានយកឈ្នះក្រុមអេស្ប៉ាញក្នុងការប្រកួតចាប់តាំងពីឆ្នាំ ១៩៨៨ កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ UEFA Euro ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយទសវត្សបន្ទាប់ពីការប្រកួតដ៏ខកចិត្តជាច្រើនដងរួចមក។

សូមបញ្ជាក់ថា ការប្រកួតរវាងក្រុមអាល្លឺម៉ង់ និង ក្រុមអេស្ប៉ាញ នៅវគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024 នឹងធ្វើឡើងចាប់ពីវេលាម៉ោង ១១ យប់នេះតទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង