×

សត្វស្វាចេះទាយនៅសួនសត្វទីក្រុង Dortmund ទាយថាហូឡង់នឹងយកឈ្នះអង់គ្លេសនៅ វគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024

ខណៈដែលព្រឹត្តិការណ៍ UEFA Euro 2024 បានឈានទៅដល់វគ្គ៤ក្រុមចុងក្រោយនោះ សត្វសា្វអូរ៉ង់អូតង់ Walter ដែលរស់នៅនាសួនសត្វក្នុងទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ បានធ្វើការទស្សន៍ទាយទៀតហើយថា ក្រុមហូឡង់នឹងជាអ្នកទទួលបានជ័យជំនះទៅលើក្រុមអង់គ្លេសនៅក្នុងការប្រកួតខាងមុខនេះ។

ការទស្សន៍ទាយរបស់សត្វសា្វ Walter គឺដូចរាល់ដងដែរ ដោយវាត្រូវជ្រើសរើសថង់ក្រណាត់ ដែលមានរូបរបស់ក្រុមជម្រើសជាតិចំនួន២ ដែលនឹងត្រូវប្រកួតគ្នា។ សត្វស្វា Walter បានជ្រើសរើសយកថង់ក្រណាត់ដែលមានរូបក្រុមជម្រើសជាតិហូឡង់ ហើយវាបានទម្លាក់ថង់ក្រណាត់ដែលមានរូបក្រុមជម្រើសជាតិអង់គ្លេសចោលថែមទៀត។

ជុំវិញការទស្សន៍ទាយរបស់សត្វស្វា Walter នេះ ត្រូវបានអ្នកនាំពាក្យនៅឯសួនសត្វនាទីក្រុង Dortmund លោក Marcel Stawinoga អះអាងថា នោះជាការជ្រើសរើសយ៉ាងច្បាស់។ ការជ្រើសរើសរបស់ Walter តែងតែក្លាយជាការពិត។

សត្វសា្វអូរ៉ង់អូតង់ Walter ឬ ដែលគេអោយរហស្សនាមថា Walter The Oracle បានទស្សន៍ពីការប្រកួតនៅព្រឹត្តិការណ៍ UEFA Euro 2024 ត្រឹមត្រូវជាច្រើនលើកមកហើយ។ ជាក់ស្តែង Walter បានទស្សន៍ទាយត្រូវពីការប្រកួត ដែលអាល្លឺម៉ង់ឈ្នះ ស្កុតឡេន និង ការប្រកួតដែលអាល្លឺម៉ង់ឈ្នះ ហុងគ្រី កាលពីវគ្គចែកពូល រួមទាំងទាយត្រូវពីការប្រកួតដែលម្ចាស់ផ្ទះអាល្លឺម៉ង់ ចាញ់ អេស្ប៉ាញ នៅវគ្គ៨ក្រុមចុងក្រោយថែមទៀត។

សូមបញ្ជាក់ថា អង់គ្លេសបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024 ដោយឈ្នះស្វីសដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៥-៣ ក្រោយស្មើគ្នា ១-១ នៅ ១២០នាទី។ រីឯ ហូឡង់បានឈ្នះ ទួរគី ដោយលទ្ធផល ២-១។ ក្រុមអង់គ្លេស នឹងត្រូវជួបជាមួយក្រុមហូឡង់នាកីឡដ្ឋាន Signal Iduna Park យប់ថ្ងៃពុធ ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង