
ក្លិប Bayern Munich នៅលីគកំពូលអាល្លឺម៉ង់ បានចុះហត្ថលេខានាំយកខ្សែបម្រើ Michael Olise ពីក្លិប Crystal Palace នៅលីគកំពូលអង់គ្លេស ក្នុងតម្លៃកិច្ចព្រមព្រៀងប្រមាណ ៦០លានអឺរ៉ូ លើកិច្ចសន្យាកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០២៩។
តម្លៃខ្លួនរបស់ Michael Olise បានធ្វើអោយរូបគេស្ថិតក្នុងចំណោមកីឡាករដែល Bayern Munich បានចំណាយក្នុងការទិញយកក្នុងតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ៤។
ជាមួយនឹងតម្លៃមួយនេះ Olise ជាកីឡាករដែលមានតម្លៃខ្ពស់ជាងគេ ដែល Bayern Munich ចំណាយលុយទិញយកផងដែរក្នុងរដូវកាលថ្មី។
កីឡាករសញ្ជាតិបារាំង វ័យ២២ឆ្នាំ បានលេងអោយក្រុមឈុតធំ Reading តាំងពីឆ្នាំ២០១៨មក ដោយចូលលេងបាន ១៦៣ប្រកួត និងស៊ុតចូល ២៣គ្រាប់ មុនទៅចូលរួម Crystal Palace ។ លេងនៅទឹកដី Selhurst Park នោះ Michael Olise បានបង្ហាញខ្លួន ៩០ដង ស៊ុតបាន១៦គ្រាប់ក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល ៣រដូវកាល ។
មិនតែប៉ុណ្ណោះ Michael Olise ត្រូវបានជ្រើសរើស ដើម្បីជួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួតកីឡាអូឡាំពិក ដែលនឹងត្រូវចាប់ផ្តើមនៅទីក្រុងប៉ារីសនាពេលឆាប់ៗ៕