×

លោក Didier Deschamps ដាក់ការជឿទុកចិត្តលើ Kylian Mbappe ថាអាចជួយក្រុមបារាំងឈ្នះក្រុមអេស្ប៉ាញ នៅ UEFA Euro 2024

គ្រូបង្វឹកលោក Didier Deschamps បាននិយាយថា លោកបានដាក់ជំនឿចិត្តទៅលើកីឡាករប្រធានក្រុម ខ្សែប្រយុទ្ធ Kylian Mbappe ថារូបគេនឹងអាចស្វែងរកទម្រង់លេងល្អមួយ ដើម្បីជួយក្រុមបារាំងយកឈ្នះក្រុមអេស្ប៉ាញ នៅវគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024 យប់នេះ។

កីឡាករវ័យ២៥ឆ្នាំ នឹងចូលលេងក្នុងការប្រកួតនៅកីឡដ្ឋាន Allianz Arena ទីក្រុង Munich បើទោះបីជារូបគេ បានចំណាយកម្លាំងច្រើន ក្នុងការប្រកួតកន្លងមក ខណៈរូបគេក៏កំពុងមានការឈឺចាប់ដោយសាររបួសបាក់ខ្ទង់ច្រមុះថែមទៀត។

របួសរបស់ Kylian Mbappe ដែលមិនទាន់ឆ្លងកាត់ការវះកាត់ព្យាបាល មានន័យថា រូបគេត្រូវពាក់ម៉ាស ដែលមានការរំខានដល់ការលេង។ យ៉ាងណាក៏ដោយ Mbappe នៅតែតស៊ូ ជួយក្រុមបារាំងទទួលបានជ័យជំនះជាបន្តបន្ទាប់ រហូតឈានមកដល់វគ្គ៤ក្រុមចុងក្រោយ។

ជាមួយការព្យាយាមបែបនេះ លោកគ្រូបង្វឹកលោក Didier Deschamps មានការកោតសរសើរ ចំពោះ Kylian Mbappe និងថា លោកបានដាក់ជំនឿចិត្ត លើរូបគេក្នុងការជួយក្រុមប្រកួតតទល់នឹងក្រុមជើងខ្លាំងអេស្ប៉ាញ។

គ្រូបង្វឹកវ័យ ៥៥ឆ្នាំ បានថ្លែងអោយដឹងមុនការប្រកួតចូលមកដល់ថា “ក្រុមរបស់យើងបានលះបង់យ៉ាងខ្លាំងក្លាតាំងពីចាប់ផ្តើមព្រឹត្តិការណ៍។ តួយ៉ាង ដូចជា Mbappe ដែលរូបគេនៅតែព្យាយាម ដើម្បីជួយក្រុមទោះរូបគេកំពុងមានរបួស។ នេះជាការលះបង់ដ៏ធំ ហើយខ្ញុំពិតជាកោតសរសើររូបគេ។ វត្តមានរបស់គេបានជួយក្រុមអោយមានតុល្យភាព ហើយពេលនេះខ្ញុំបានជំនឿចិត្តខ្ពស់ទៅលើរូបគេ នឹងអាចបន្តជួយក្រុមទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតទល់នឹងក្រុមខ្លាំងដូចជាអេស្ប៉ាញនៅពេលនេះទៀត។”

សូមបញ្ជាក់ថា ក្រុមបារាំងបានឡើងមកដល់វគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024 ក្រោយឈ្នះក្រុមព័រទុយហ្កាល់ ដោយការទាត់បាល់១១ម៉ែត្រ កាត់សេចក្តី ៥-៣ ក្រោយស្មើគ្នា ០-០ នៅ ១២០នាទី ។ រីឯអេស្ប៉ាញ បានឡើងមកក្រោយឈ្នះក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ២-១។

ជំនួបរវាងក្រុមបារាំង និង ក្រុមអេស្ប៉ាញ នឹងធ្វើឡើងនាយប់នេះចាប់ពីវេលាម៉ោង ២រំលងអាធ្រាត្រតទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង