×

គ្រូអាហ្សង់ទីនថា Lionel Messi នឹងបន្តចូលលេងក្នុងការប្រកួតជាមួយកាណាដា នៅវគ្គ៤ក្រុមចុងក្រោយ Copa América 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងបន្តចូលលេងក្នុងការប្រកួតដែលត្រូវប៉ះកាណាដា សាជាថ្មី នៅក្នុងវគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Copa América 2024។

Messi បានមានរបួសភ្លៅខាងស្តាំ ពេលប្រកួតឈ្នះឈីលីក្នុងជំនួបជុំទី២ ពូល A ហើយគេបានអវត្តមានការប្រកួត បិទពូល ដែលអាហ្សង់ទីនឈ្នះ ប៉េរូ ២-០។ យ៉ាងណា ប្រធានក្រុមពពកសរូបនេះ បានវិលមកទីលានវិញ ក្នុងការប្រកួតដែលអាហ្សង់ទីនឈ្នះ អេក្វាឌ័រនៅវគ្គ៨ក្រុមចុងក្រោយ ។

យ៉ាងណា សម្រាប់ការប្រកួតទល់នឹងកាណាដានេះ លោក Lionel Scaloni បានអះអាងថា Lionel Messi នឹងបន្តមានវត្តមានជួយក្រុមដដែល។

គ្រូបង្វឹក វ័យ ៤៦ឆ្នាំ បានអោយដឹងដូច្នេះថា “Messi មានអាការៈល្អប្រសើរហើយ ដូច្នេះគេនឹងក្លាយជាផ្នែកមួយរបស់ក្រុមដែលត្រូវប្រកួតទល់នឹងកាណាដា។ សម្រាប់ការប្រកួតនេះ យើងមានជំនឿចិត្ត ព្រោះពួកយើងធ្លាប់យកឈ្នះពួកគេរួចមកហើយ។”

ក្រុមការពារជើងឯកអាហ្សង់ទីន កំពុងព្យាយាមស្វែងរកការលើកពាន Copa América ជាលើកទី១៦ក្នុងការប្រកួតឆ្នាំនេះ។ ពួកគេបានឡើងមកកាន់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពី ឈ្នះ អេក្វាឌ័រនៅវគ្គ៨ក្រុមចុងក្រោយ ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៤-២ ក្រោយស្មើគ្នា ១-១ នៅ៩០នាទី។ រីឯកាណាដាបានឡើងមកវគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ វេណេស៊ុយអេឡា ដោយការទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៤-៣ ក្រោយស្មើគ្នា ១-១ នៅ ៩០នាទី។

វាក៏ជាលើកទី២ដែរ ដែលក្រុមទាំង២បានជួយគ្នា នៅក្នុងព្រឹត្តិការណ៍ Copa América 2024 បន្ទាប់ពីជួបគ្នាលើកដំបូងក្នុងការប្រកួតបើកពូល A ដោយអាហ្សង់ទីនបានឈ្នះកាណាដា ២-០។ សម្រាប់ការប្រកួតសាជាថ្មី រវាងក្រុមទាំង២នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន MetLife Stadium រដ្ឋ New Jersey សហរដ្ឋអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង