×

គ្រូអេស្ប៉ាញថាខ្លួនរីករាយបំផុតក្រោយវាយបកឈ្នះបារាំង ឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Euro 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បាននិយាយថា លោកមានភាពរីករាយ និង សាទរកូនក្រុម ក្រោយពីពួកគេអាចវាយបកយកឈ្នះបារាំង នៅវគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024។

ក្រុមអេស្ប៉ាញបានប្រកួតវាយបកយកឈ្នះលើបារាំងដោយលទ្ធផល ២-១ នាកីឡដ្ឋាន Allianz Arena ទីក្រុង Munich។ ដំណើរការបាន៩នាទី បារាំងបាននាំមុខមុនដោយ Kolo Muani ប៉ុន្តែ អេស្ប៉ាញបានវាយបកវិញ ២គ្រាប់ ដោយ Lamine Yamal ស៊ុតនៅនាទី២១ និង Dani Olmo នាទី២៥ មុនចប់វគ្គទី១។

ឈានចូលវគ្គទីពីរ បារាំងបង្កើនការបុកសម្រុកសន្ធាប់លើអេស្ប៉ាញ ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើការប្រកួតមកវិញ ប៉ុន្តែអេស្ប៉ាញ ក៏កាន់តែទប់ទល់ខ្លាំងដូចគ្នា។ នៅវគ្គទី២នេះក៏មិនមានគ្រាប់បាល់កើតឡើង រហូតដល់ចប់ការប្រកួត គឺអេស្ប៉ាញ ឈ្នះ បារាំង បានសម្រេច។

ជ័យជំនះនេះ ធ្វើអោយអេស្ប៉ាញបន្តរក្សាកំណត់ត្រាឈ្នះការប្រកួត ១០០ភាគរយ ក្នុងការប្រកួត Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ ស្របពេលក៏ខិតជិតធ្វើបានកំណត់ត្រាឈ្នះរហូតនេះ ដូចកាលពួកគេធ្លាប់ធ្វើបានកាលឆ្នាំ ២០០៨។

ជាមួយការធ្វើបានល្អ បានធ្វើអោយគ្រូបង្វឹកអេស្ប៉ាញ លោក Luis de la Fuente មានភាពរីករាយយ៉ាងខ្លាំងជាមួយកូនក្រុម។

លោក Luis de la Fuente បានអោយដឹងក្រោយចប់ការប្រកួតថា “ទម្រង់លេងនិង ការបញ្ចេញសមត្ថភាពរបស់កូនក្រុមពិតជាល្អខ្លាំងណាស់។ ខ្ញុំគិតថា យើងបានដាក់គោលដៅមកទីនេះដើម្បីឈ្នះ ហើយឥឡូវនេះ យើងកំពុងឈានទៅរកគោលដៅដែលយើងចង់បាន។ ខ្ញុំពិតជាមានមោទនភាព ចំពោះអ្វីដែលកូនក្រុមបានធ្វើនៅពេលនេះ។”

អេស្ប៉ាញ បញ្ចប់ការប្រកួតឈ្នះបារាំង បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៥ ប្រចាំប្រវត្តិសាស្ត្រ Euro ដោយត្រូវអង្គុយរង់ចាំក្រុមដែលឈ្នះការប្រកួតរវាងអង់គ្លេស ទល់ហូឡង់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង