ខ្សែការពារ Luke Shaw បាននិយាយថា រូបគេបានត្រៀមខ្លួនរួចស្រេចក្នុងការបង្ហាញខ្លួនពេញ ៩០នាទី ដើម្បីជួយអង់គ្លេសប្រកួតទល់នឹងហូឡង់នៅវគ្គ៤ក្រុមចុងក្រោយ UEFA Euro 2024។
ទោះកំពុងមានបញ្ហារបួសសរសៃពួរ តែកីឡាករវ័យ២៨ឆ្នាំ សមាជិកក្លិប Man UTD ត្រូវបានគ្រូបង្វឹកលោក Gareth Southgate កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 តែគេមិនបានបង្ហាញខ្លួនពេញម៉ោងឡើយ។ យ៉ាងណា Shaw បានចូលលេងលើកដំបូង ដោយចូលជំនួស Kieran Trippier នៅនាទី៧៨ ពេលអង់គ្លេសឈ្នះស្វ៊ីសនៅវគ្គ៨ក្រុមចុងក្រោយ។
ពេលនេះ សាមីកីឡាករបាន អះអាងថា រូបគេមានភាពល្អប្រសើរ និងបានត្រៀមខ្លួនជាស្រេច ដើម្បីក្រុមអង់គ្លេសប្រកួតទល់នឹងហូងឡង់។
Luke Shaw បាននិយាយដូច្នេះ “ខ្ញុំបានធូរស្បើយហើយ និងត្រៀមខ្លួនជាស្រេចដើម្បីលេងពេញ៩០នាទី។ តែយ៉ាងណា ក៏អាស្រ័យលើការសម្រេចចិត្តរបស់លោក Southgate ផងដែរ។”
ដោយឡែកលោក Gareth Southgate សង្ឃឹមថានឹងមាន Shaw ត្រឡប់ជួយក្រុមវិញទាន់ពេលប៉ះហូឡង់ ដើម្បីចូលតំណែងខ្សែការពារឆ្វេង ដែលត្រូវបាន Kieran Trippier ជំនួសតាំងពីវគ្គចែកពូលមក។
UEFA Euro 2024 ជាពេលវេលាដែលអង់គ្លេស បានប្រឹងប្រែងដើម្បីស្វែងរកកៅអីវគ្គផ្តាច់ព្រ័ត្រជាលើកទី២ជាប់គ្នា បន្ទាប់ពី រងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុបឆ្នាំ២០២០ ក្រោមថ្វីជើងអ៊ីតាលី។
ក្រុមអង់គ្លេស នឹងត្រូវជួបហូឡង់ក្នុងជំនួបវគ្គ៤ក្រុមចុងក្រោយ នៅយប់នេះ វេលាម៉ោង២អាធ្រាត្រ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV ផងដែរ៕