ប្រទេសរុស្សីបានបដិសេធមិនបញ្ចូនក្រុមកីឡាករ កីឡាការិនី ចំបាប់ចំនួន ១០ នាក់ ដែលត្រូវបានសិទ្ធិអោយចូលរួមប្រកួតអូឡាំពិកឆ្នាំ២០២៤ នាទីក្រុងប៉ារីស ដោយសារគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC មិនអនុញ្ញាតអោយកាន់ទង់ជាតិ និងភ្លេងជាតិរុស្ស៊ី។
សហព័ន្ធកីឡាចំបាប់រុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រី គ្រូបង្វឹក និងអត្តពលិករបស់ខ្លួនបានបើកកិច្ចប្រជុំមួយ ដោយសម្រេចចិត្ត បដិសេធមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងប៉ារីស។
កន្លងទៅ IOC បាននិយាយថា ខ្លួនបានអញ្ជើញក្រុមកីឡាចំបាប់ជនជាតិរុស្សី ១០ នាក់មកចូលរួមប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស បានរាយបញ្ជីពួកគេ ៩ នាក់ថា បានយល់ព្រមចូលរួមប្រកួត ហើយម្នាក់បានបដិសេធ ។
ដូច្នេះ កីឡាចំបាប់ នឹងក្លាយជាក្រុមធំបំផុត នៃអត្តពលិករុស្ស៊ី ដែលពួកគេចូលរួមការប្រកួតប្រជែង នៅទីក្រុងប៉ារីស ក្រោមទង់អព្យាក្រឹត ដោយមិនមានទង់ជាតិ និងភ្លេងជាតិ ដ្បិត រុស្ស៊ីកំពុងរងទណ្ឌកម្មដោយសារសង្គ្រាមឈ្លានពានអ៊ុយក្រែន។ យ៉ាងណា ពេលនេះ សហព័ន្ធកីឡាចំបាប់រុស្ស៊ី បានសម្រេចបដិសេធមិនបញ្ចូនអត្តពលិកខ្លួនទៅចូលរួមប្រកួតទេ។
ជុំវិញរឿងនេះ IOC មិនបានឆ្លើយតបភ្លាមៗ លើសេចក្តីថ្លែងការណ៍ របស់សហព័ន្ធកីឡាចំបាប់រុស្ស៊ីនៅឡើយ។
សហព័ន្ធចំបាប់រុស្ស៊ី បាននិយាយថា ខ្លួនជំទាស់ នឹងជម្រើសរបស់ IOC ក្នុងការអញ្ជើញអត្តពលិកចំបាប់។ អត្តពលិករុស្សីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៦ប្រភេទកីឡា សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស មិនមែន ១០ប្រភេទ ហើយថា ៦ក្នុងចំណោមកីឡា១០ប្រភេទ ដែលត្រូវបានអញ្ជើញនោះ គឺស្ថិតនៅឆ្ងាយពីអ្វីដែលរុស្ស៊ីចង់បាន ។
សហព័ន្ធចំបាប់រុស្ស៊ីក៏បានរាយឈ្មោះកីឡាករ ចំបាប់កំពូលរបស់ខ្លួនដែលមិនទទួលបានការអញ្ជើញ ហើយបាននិយាយថាព្រឹត្តិការណ៍ អូឡាំពិកនឹងត្រូវបានគេទម្លាក់តម្លៃ ៕