×

អាមេរិក បញ្ចប់តំណែងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ក្រោយមិនជោគជ័យនៅពានរង្វាន់ Copa América 2024

លោក Gregg Berhalter ត្រូវបានបញ្ចប់តំណែង ពីការដឹកនាំជាគ្រូបង្វឹកក្រុមបាល់ទាត់បុរសជម្រើសជាតិអាមេរិក បន្ទាប់ពីរូបលោកមិនបានជួយក្រុមទទួលជោគជ័យ នៅក្នុងព្រឹត្តិការណ៍ Copa América 2024 ដែលពួកគេជាម្ចាស់ផ្ទះ។

សហរដ្ឋអាមេរិក បានបរាជ័យក្នុងការឡើងផុតពីវគ្គចែកពូល ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល C ដោយក្នុងនោះពួកគេជួបការចាញ់យ៉ាងអាម៉ាស គឺចាញ់ក្រុមប៉ាណាម៉ា ដោយលទ្ធផល ២-១ និងចាញ់ក្រុម អ៊ុយរូហ្កាយ ១-០។

លោក Gregg Berhalter បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបុរសអាមេរិក កាលពីឆ្នាំ២០១៨ បានជួយក្រុម ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022 នាប្រទេសកាតា។ ការរបូតតំណែងនេះ បានធ្វើអោយគម្រោងរបស់បុរសវ័យ៥០ឆ្នាំ ត្រូវអសាបង់ទៅវិញ ខណៈរូបលោកចង់រំពឹងធ្វើការផ្លាស់ប្តូរ និង អភិវឌ្ឈន៍ក្រុមបាល់ទាត់បុរសអាមេរិក ដើម្បីត្រៀមសម្រាប់ ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលពួកគេធ្វើជាសហម្ចាស់ផ្ទះ រួមជាមួយកាណដា និង ម៉ិកស៊ិក។

មែនទែនទៅ សហព័ន្ធបាល់ទាត់អាមេរិក បានព្យាយាមស្វែងរកគ្រូបង្វឹកថ្មីជាយូរមកហើយ ដ្បិតកិច្ចសន្យារបស់លោក Gregg Berhalter បានផុតកំណត់នៅចុងឆ្នាំ ២០២២ ប៉ុន្តែ ពួកគេបានសម្រេចអោយលោកកាន់តំណែង ឡើងវិញកាលពីខែមិថុនា ក្រោយមានការគាំទ្រពេញទំហឹងពីកីឡាករ។

លោក Gregg Berhalter គឺជាអតីតកីឡាករជម្រើសជាតិអាមេរិកដំបូងគេដែលឡើងដំណែងជាគ្រូបង្វឹក និងដឹកនាំក្រុមនេះឡើងទៅ World Cup បានសម្រេច។ លោកបានដឹកនាំក្រុមអាមេរិក ឈ្នះ ៤៤ ដង ក្នុងចំណោម ៧៤ប្រកួត អំឡុងពេលនៃការកាន់តំណែង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង