×

អាជ្ញាកណ្ដាលសញ្ជាតិបារាំង François Letexier នឹងដឹកនាំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA EURO 2024

គណៈកម្មាធិការអាជ្ញាកណ្តាល UEFA បានប្រកាសថា លោក François Letexier សញ្ជាតិបារាំង នឹងធ្វើជាអាជ្ញាកណ្តាលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA EURO 2024 រវាងប្រទេសអេស្ប៉ាញ និងអង់គ្លេស ដែលនឹងត្រូវប្រកួតនៅយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ វេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ។

លោកមានវ័យ ៣៥ ឆ្នាំ ជាអាជ្ញាកណ្តាលតាំងពីឆ្នាំ ២០១៧ បានចូលបម្រើការក្នុងការប្រកួតផ្លូវការរបស់ UEFA ចំនួន ៦៥ ដងក្នុងអាជីពរបស់គាត់។ នៅក្នុងការប្រកួត EURO ឆ្នាំនេះ គាត់បានកាត់សេចក្តីចំនួន ៣ ប្រកួត រួមទាំងការប្រកួតវគ្គ១៦ ក្រុមចុងក្រោយរបស់អេស្ប៉ាញទល់នឹងហ្សកហ្ស៊ី និងការប្រកួតវគ្គចែកពូលចំនួនពីរគឺ ដាណឺម៉ាក-ស៊ែប៊ី និងក្រូអាត-អាល់បានី ហើយក៏ជាមន្ត្រីទី៤ផងដែរនៅក្នុងការប្រកួតបើកឆាករវាង អាល្លឺម៉ង់-ស្កុតឡែន នៅទីក្រុង Munich ។

កាលពីរដូវកាលមុន លោក Letexier បានដឹកនាំការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ចំនួន ១០ដង ហើយជាមន្ត្រីទី៤ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០២៤ រវាង Borussia Dortmund ទល់នឹង Real Madrid នៅកីឡដ្ឋាន Wembley ។ គាត់ក៏ជាអាជ្ញាកណ្តាលនៃពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៣ រវាង Manchester City ទល់នឹង Sevilla FC នៅទីក្រុង Piraeus ប្រទេសក្រិកផងដែរ។

លោក François Letexier នឹងមានជំនួយការជនជាតិបារាំងដូចគ្នា គឺលោក Cyril Mugnier និង Mehdi Rahmouni ខណៈលោក Szymon Marciniak សញ្ជាតិប៉ូឡូញ នឹងក្លាយជាមន្ត្រីទី៤។ VAR ត្រូវបានប្រគល់ឱ្យលោក Jérôme Brisard សញ្ជាតិបារាំង ជំនួយការដោយលោក Willy Delajod សញ្ជាតិបារាំង និងគាំទ្រដោយលោក Massimiliano Irrati សញ្ជាតិអ៊ីតាលី។ លោក Tomasz Listkiewicz សញ្ជាតិប៉ូឡូញ ជាជំនួយការអាជ្ញាកណ្តាលបម្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង