លោក Simone Inzaghi បានធ្វើការកុងត្រាថ្មី បន្តធ្វើជាគ្រូបង្វឹកជាមួយក្លិប Inter Milan ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅលីគកំពូលអ៊ីតាលី។
ការចុះកុងត្រាថ្មីនេះ ធ្វើអោយលោក Simone Inzaghi នឹងទទួលបានប្រាក់ពលកម្មក្នុងមួយរដូវកាល ៦.៥លានអ៊ឺរ៉ូ។ នៅក្នុងករណីដែលក្លិប Inter Milan បានឈ្នះពានលីគកំពូល Serie A នៅក្នុងរដូវកាល ២ឆ្នាំខាងមុខ នោះលោកនឹងទទួលបានប្រាក់លើកទឹកចិត្តក្នុងមួយរដូវកាលគឺ ២លានអ៊ឺរ៉ូ។
Inter Milan មានបំណងចង់បន្តកុងត្រាថ្មីជាមួយ បុរសវ័យ ៤៨ឆ្នាំ ពីខែមេសា ឆ្នាំ២០២៤ មកម្ល៉េះ ព្រោះកុងត្រាចាស់ របស់លោកនឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោក Simone Inzaghi បានមកដឹកនាំក្លិប Inter Milan តាំងពីឆ្នាំ២០២១មកដោយធ្លាប់ឈ្នះពាន Serie A ក្នុងរដូវកាល ២០២៣-២៤ , ពាន Coppa Italia ២ រដូវកាល, ពាន Supercoppa Italiana ៣រដូវកាលជាប់គ្នា និងបានជួយក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០២២-២៣ តែបានដំណែងរងជើងឯកក្រោយចាញ់ Manchester City ដោយលទ្ធផល ១-០៕