សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL បានសម្រេចបើកការស៊ើបអង្កេត ករណីជម្លោះរវាងក្រុមអ្នកគាំទ្រកូឡុំប៊ី និងក្រុមអ្នកគាំទ្រ ព្រមទាំងកីឡាករអ៊ុយរូហ្កាយ ដែលក្នុងនោះក៏មានខ្សែប្រយុទ្ធ Darwin Nunez សមាជិកក្លិប Liverpool ផងដែរ នៅក្នុងព្រឹត្តិការណ៍ Copa America 2024។
រឿងរ៉ាវជម្លោះបានកើតឡើង ក្រោយពេលក្រុមជម្រើសជាតិអ៊ុយរូហ្កាយត្រូវបានក្រុមជម្រើសជាតិ កូឡុំប៊ីទម្លាក់ចេញពីការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ នាពេលកន្លងទៅ។
វីដេអូឃ្លីបមួយបានបង្ហាញពី ការប៉ះទង្គិចគ្នារបស់ក្រុមអ្នកគាំទ្រកូឡុំប៊ី និងក្រុមអ្នកគាំទ្រអ៊ុយរូហ្កាយ ហើយស្រាប់តែមានវត្តមានខ្សែប្រយុទ្ធ Darwin Nunez និងខ្សែការពារ Ronald Araujo របស់ក្រុមអ៊ុយរូហ្កាយ ឡើងទៅប្រតាយប្រតប់ប្រើហិង្សាដាក់អ្នកគាំទ្រកូឡុំប៊ីដែរ។
យ៉ាងណា មានការអះអាងថា ការដែលក្រុមកីឡាករ មានវត្តមាននៅក្នុងការប៉ះទង្គិចគ្នានោះគឺដោយសារពួកគេព្យាយាមចូលទៅការពារក្រុមគ្រួសារពីការប្រើហិង្សា និងដើម្បីជួយសម្រួលស្ថានការណ៍ជម្លោះអោយធូរស្រាល វិញតែប៉ុណ្ណោះ។
បែបនេះក្តី សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL បានចេញសេចក្តីថ្លែងការណ៍ទាក់ទងករណីនេះថា ពួកគេនឹងបើកការស៊ើបអង្កេតដើម្បីស្វែងរកឬសគល់ប្រភពដែលនាំអោយរឿងរ៉ាវជម្លោះកើតឡើង។
CONMEBOL ក៏បញ្ជាក់ថា គ្មានសកម្មភាពណាមួយនឹងត្រូវបានអត់ឱនឡើយ ពេលធ្វើអោយការប្រារព្ធពិធីបាល់ទាត់អន្តរជាតិមានការរអាក់រអួល។
ដោយឡែក ប្រសិនបើរកឃើញថា មានកំហុសឆ្គងល្មើសនឹងគោលការណ៍ នោះស្ថាប័ន CONMEBOL នឹងធ្វើការដាក់ពិន័យ ចំពោះអ្នកគាំទ្រក្រុមទាំងសងខាង ហើយកីឡាករដែលពាក់ព័ន្ធក៏នឹងរងទណ្ឌកម្ម បន្ថែមផងដែរ៕