អ្នកចាត់ការ Man City លោក Pep Guardiola បានជំរុញឱ្យកីឡាករទាំងអស់ទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្រោយការឆ្លងជំងឺនេះនៅអង់គ្លេសមានការកើនឡើងឡើងវិញ។
របាយការណ៍ចុងក្រោយកាលពីថ្ងៃចន្ទ បានបង្ហាញថា ការឆ្លងជំងឺកូវីដ១៩នៅអង់គ្លេស បានកើនឡើងប្រមាណជា៤ម៉ឺន ៥ពាន់ករណីត្រឹម១ថ្ងៃ ដែលជាចំនួនខ្ពស់បំផុតមួយ គិតចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។
ជុំវិញរឿងរ៉ាវចាក់វ៉ាក់សាំងនេះ លោក Pep Guardiola មិនបានបង្ហាញចំនួនកីឡាករដែលបានចាក់រួចរាល់នៅក្លិបមេឃខៀវទេ ដោយថានោះជារឿងឯកជន ប៉ុន្តែលោកថា ខ្លួនលោកផ្ទាល់ និង ក្រុមគ្រួសារបានចាក់វ៉ាក់សាំងរួចអស់ហើយ។
លោក Pep បានថ្លែងនៅមុនជំនួបរវាងក្រុម Man City របស់លោកទល់នឹង Club Brugge របស់បែលហ្ស៊ិក ក្នុងការប្រកួត Champions League បែបនេះ៖ “ខ្ញុំនិងគ្រួសារជឿជាក់លើគ្រូពេទ្យនិងវ៉ាក់សាំងកូវីដ១៩។ យើងគួរតែចាក់វ៉ាក់ស៊ាំង កីឡាករទាំងឡាយក៏គួរតែធ្វើដូចនោះដែរ ព្រោះយើងឃើញហើយថា តើមានមនុស្សប៉ុន្មាននាក់ហើយដែលរងទុក្ខដោយសារជំងឺនេះ។ យើងត្រូវតែការពារដើម្បីខ្លួនយើងនិងអ្នកដទៃផងដែរ ហើយការចាក់វ៉ាក់សាំងការពាក់ម៉ាស ជាវិធីល្អបំផុតនៅក្នុងពេលនេះ។”
ដោយឡែក សម្រាប់ការប្រកួតនៅយប់នេះវិញអ្នកចាត់ការជនជាតិអេស្ប៉ាញអះអាងថា អ្នកចាំទី Ederson និង ខ្សែប្រយុទ្ធ Gabriel Jesus ដែលត្រឡប់មកពីជួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងវគ្គជម្រុះ World Cup តំបន់អាមេរិកខាងត្បូងនោះ នឹងអាចមានវត្តមានក្នុងការប្រកួតបាន ព្រោះពួកគេ ធ្វើដំណើរចេញពីប្រេស៊ីលមកប្រទេសបែលហ្ស៊ិកតែម្តង មិនបានធ្វើដំណើរទៅអង់គ្លេស ឱ្យជាប់ចត្តាឡីស័កចំនួន១០ថ្ងៃនោះទេ។
សូមបញ្ជាក់ថា ឆ្លងកាត់២ប្រកួតក្នុងពូល A នៃពានរង្វាន់ UEFA Champions League រួចមក ក្រុម Man City កំពុងឈរលេខ៣ក្នុងពូល ដោយមាន៣ពិន្ទុ ខណៈ Club Brugge នៅលេខ២ មាន៤ពិន្ទុស្មើក្រុមកំពូលតារាង PSG ៕