ខ្សែប្រយុទ្ធ Thomas Muller កីឡាកររបស់ក្លិប Bayern Munich និង ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានប្រកាសពីការចូលនិវត្តន៍ពីការប្រកួតបាល់ទាត់អន្តរជាតិ បន្ទាប់ពីចំណាយរយៈពេល១៤ឆ្នាំរួចមក។
ការប្រកាសចាកចេញពីបាល់ទាត់អន្តរជាតិរបស់កីឡាករវ័យ ៣៤ឆ្នាំ បានធ្វើឡើង បន្ទាប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA Euro 2024 វគ្គ៨ក្រុម ក្រោមថ្វីជើងក្រុមម្ចាស់ជើងឯកអេស្ប៉ាញ។
ការបង្ហាញខ្លួនចុងក្រោយរបស់គេ គឺការប្រកួតកាលពីថ្ងៃទី៥ ខែមិថុនា ពេលដែលម្ចាស់ផ្ទះអាល្លឺម៉ង់ ចាញ់អេស្ប៉ាញ ២-១ នៅពេលដែលគេត្រូវបានចូលទីលានជំនួសកីឡាករ Jonathan Tah នៅក្នុងនាទី៨០។
Thomas Muller បានបង្ហាញខ្លួន ១៣១ ដង សម្រាប់ការប្រកួតអន្តរជាតិ ជាមួយក្រុមឥន្ទ្រីយ៍ដែក រយៈពេល១៤ឆ្នាំកន្លងមក ហើយរូបគេបច្ចុប្បន្ន គឺជាកីឡាករឈរលំដាប់ទី៣ ក្នុងតារាងកីឡាករបង្ហាញខ្លួនច្រើនជាងគេរបស់ក្រុមអាល្លឺម៉ង់ ដោយបង្ហាញខ្លួនបាន ១៣១ដង ស៊ុតបាន ៤៥គ្រាប់ និងចែកបាល់សម្រេចទី ៤២ដង។
ភាពជោគជ័យដ៏ធំរបស់ Thomas Muller ជាមួយក្រុមអាល្លឺម៉ង់ គឺបានជួយក្រុមឈ្នះជើងឯក FIFA World Cup 2014 ដែលជាការប្រកួតដែលរូបគេ ស៊ុតបញ្ចូលទីបាន៥គ្រាប់ និង ចែកបាល់សម្រេចទីបាន៣ដង៕