គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Leonel Scaloni បាននិយាយថា លោកនឹងព្យាយាមបញ្ចុះបញ្ចូលលួងលោម ឱ្យខ្សែប្រយុទ្ធ Lionel Messi បន្តជួយក្រុមនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 បន្តទៀត។
ជាការពិត Lionel Messi ទើបតែបានរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាមេរិកខាងត្បូង Copa America 2024 ក្រោយយកឈ្នះ ក្រុមជម្រើសជាតិកូឡុំប៊ី ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ទោះយ៉ាងណា Messi បានឱ្យតម្រុយថា ព្រឹត្តិការណ៍ Copa America 2024 អាចជាការប្រកួតចុងក្រោយរបស់គេជាមួយក្រុមរហស្សនាមពពកស។ បែបនេះក្តី គ្រូបង្វឹកលោក Leonel Scaloni មិនចង់ឱ្យក្រុមបាត់បង់កីឡាករសំខាន់ម្នាក់ទៀតនោះទេ បន្ទាប់ពីការចាកចេញរបស់ Ángel Di María។ លោក Scaloni អះអាងថា Messi នៅតែស្ថិតក្នុងគម្រោង ហើយគេជាកូនសោដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិ និងរូបលោកផ្ទាល់ផងដែរ។
គ្រូបង្វឹក វ័យ៤៦ឆ្នាំ បានប្រាប់បែបនេះ “ខ្ញុំសង្ឃឹមថា យើងនឹងស្ថិតនៅក្នុងក្រុមជម្រើសជាតិជាមួយគ្នាបន្ទាប់ពីចប់ Copa America 2024 ។ បើទោះជា Messi មិនចង់លេងឱ្យក្រុមជម្រើសជាតិក៏ខ្ញុំនឹងព្យាយាមបញ្ចុះបញ្ចូលរូបគេឱ្យលេងយ៉ាងហោចណាស់រហូតដល់ចប់ World Cup 2026 ។ Messi នៅតែជាមនុស្សដ៏សំខាន់សម្រាប់បាល់ទាត់អាហ្សង់ទីន។”
ដោយឡែក ពេលនេះ ក្រុមអាហ្សង់ទីនបានឈ្នះពានធំៗដល់ទៅ ៤ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ដែលមានដូចជាពាន Copa America 2021, FIFA World Cup 2022, ពាន Finalissima ដែលជាការប្រកួតក្រុមអាហ្សង់ទីនជើងឯកទ្វីបអាមេរិកខាងត្បូងឈ្នះ ក្រុមអ៊ីតាលីជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំ២០២២ រួមទាំងពាន Copa America 2024 នេះ។
ការឈ្នះនេះដែរធ្វើឱ្យអាហ្សង់ទីន ក្លាយជាក្រុមជម្រើសជាតិដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រជាង ១០៨ ឆ្នាំនៃពាន Copa America ក្រោយឈ្នះពានមួយនេះចំនួន ១៦ ដង។ ក្រុមដែលឈ្នះពាន Copa America លំដាប់ទី២ គឺអ៊ុយរ៉ាហ្គាយដែលបានឈ្នះ ចំនួន ១៥ ដង៕