លោក Gareth Southgate ថានឹងជជែកពីអនាគតក្នុងការកាន់តំណែងជាគ្រូបង្វឹកក្រុម ជម្រើសជាតិអង់គ្លេស តែមិនបើកចំហទេ ក្រោយពេលក្រុមនេះបានទទួលតំណែងរងជើងឯកនៅក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Euro 2024។
អង់គ្លេស បានខកចិត្តការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុបសាជាថ្មី ដោយបានទទួលតំណែងរងជើងឯក UEFA Euro លើកទី២ ជាប់គ្នាក្រោយពួកគេប្រកួតចាញ់អេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-១។
នៅពេលត្រូវបានចោទសួរអំពីអនាគតទៅមុខ ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានឆ្លើយថា លោកត្រូវការជជែករឿងសំខាន់មួយនេះជាមួយនឹងគណៈគ្រប់គ្រងរបស់សមាគមបាល់ទាត់អង់គ្លេស FA ប៉ុន្តែមិនទាន់បើកចំហទេ។
លោក Southgate បានប្រាប់ថា “ខ្ញុំបានយល់ពីសំណួរ ប៉ុន្តែខ្ញុំត្រូវមានការពិភាក្សាជាមួយនឹងមនុស្សសំខាន់ៗសិន ហើយខ្ញុំក៏នឹងមិនជជែករឿងនេះជាសាធារណៈឡើយ។ គ្មានបញ្ហាអ្វីនោះទេ អង់គ្លេសកំពុងតែមានក្រុមកីឡាករវ័យក្មេងមានសមត្ថភាពដ៏អស្ចារ្យជាច្រើន។ ឥឡូវនេះ យើងបានត្រឡប់មកវិញសម្រាប់ការប្រកួតយ៉ាងជាប់លាប់។”
ចាញ់ការប្រកួតធ្វើអោយអង់គ្លេស ត្រូវរង់ចាំការឈ្នះពាន UEFA Euro បន្តទៀត ខណៈពួកគេមិនដែលបានឈ្នះសោះតាំងពីពានរង្វាន់នេះចាប់ផ្តើមប្រកួតជាលើកដំបូងនៅឆ្នាំ ១៩៦០មក។
នេះក៏ជាលើកទី២ជាប់គ្នាដែរ ដែលអង់គ្លេសបានទទួលតំណែងរងជើងឯក ពានរង្វាន់ UEFA Euro ដោយកាលពី UEFA Euro 2020 ពួកគេបានចាញ់ក្រោមថ្វីជើងអ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ។
លោក Gareth Southgate ជាគ្រូបង្វឹកដែលបានកែប្រែសមត្ថភាពរបស់ក្រុមអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៦ ពេលដែលអង់គ្លេសមានកម្រិតលេងទាបបំផុត។ បុរសវ័យ៥៣ឆ្នាំ បាននាំអង់គ្លេស ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គ ៨ក្រុម ចុងក្រោយ World Cup ចំនួន ២លើក មុនពេលឡើងវគ្គផ្តាច់ព្រ័ត្រ Euro ២លើកជាប់គ្នាមកនេះ ៕