×

ក្រុមជម្រើសជាតិអេស្ប៉ាញ ធ្វើពិធីអបអរពានរង្វាន់ UEFA Euro 2024 ដោយមានការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់

កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានប្រារព្ធពិធីអបអរការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ដោយមានការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់ ដែលកម្មវិធីធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

ជាការពិត ក្រុមអេស្ប៉ាញ បានក្លាយជាម្ចាស់ជើងឯក UEFA Euro 2024 បន្ទាប់ពីយកឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Olympiastadion ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដោយលទ្ធផល ២-១។

ជោគជ័យនេះ បានធ្វើអោយ អ្នកគាំទ្រ និង ប្រជាជនអេស្ប៉ាញ មានភាពសប្បាយរីករាយជាខ្លាំង និងបានធ្វើពិធីទទួលស្វាគន៍ និង ពិធីអបអរ យ៉ាងអធិកអធម ដល់សមាជិកក្រុមកីឡាករ ដែលត្រូវបានចាត់ទុកដូចជាវីរបុរសរបស់ជាតិ។

ពិធីអបអរទទួលស្វាគមន៍ក្រុមកីឡាករជម្រើសជាតិអេស្ប៉ាញ និង ពានរង្វាន់ UEFA Euro 2024 ត្រូវបានធ្វើឡើងនាទីលាន Cibeles Square ដោយអ្នកគាំទ្រដែលបានចូលរួម បានស្លៀកឈុត ពណ៌ក្រហម និង លឿង ដែលជាពណ៌តំណាងជាតិ ព្រមទាំងមានការគ្រវីជាតិ ការច្រៀងរាំ ចម្រៀងជាតិជាដើម។

សម្រាប់ជ័យជំនះនេះដែរ ក្រុមជម្រើសជាតិអេស្ប៉ាញក៏បានបំបែកកំណត់ត្រាធំៗចំនួនពីររួមមាន កំណត់ត្រាទី ១ គឺអេស្ប៉ាញក្លាយជាក្រុមជម្រើសជាតិដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ UEFA Euro ។ គិតមកទល់នេះ ពួកគេ បានឈ្នះពាន UEFA Euro ដល់ទៅ ៤ លើក វ៉ាហួសក្រុមអាល្លឺម៉ង់ធ្លាប់បានឈ្នះ៣លើកដូចគ្នា ។

កំណត់ត្រាទី ២ គឺអេស្ប៉ាញក្លាយជាក្រុមជម្រើសជាតិតែមួយគត់ ដែលលេងឈ្នះគ្រប់ប្រកួតទាំងអស់ក្នុងកម្មវិធី UEFA Euro ។ ក្នុងព្រឹត្តិការណ៍ Euro 2024 កន្លងទៅ អេស្ប៉ាញលេងសរុបចំនួន ៧ ប្រកួត ឈ្នះទាំង ៧ ដង ហើយមិនដែលស្គាល់សោះពាក្យថាចាញ់ ឬស្មើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង