ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបង្ហាញខ្លួនក្លាយជាសមាជិករបស់ Real Madrid ជាផ្លូវការហើយ ដោយចូលរួមក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ក្រោយចាកចេញពីក្លិបបារាំង Paris St Germain។
កីឡាករវ័យ២៥ឆ្នាំ បានចុះកុងត្រាជាមួយក្លិបអធិរាជស Real Madrid រយៈពេល៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ រហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩ ហើយសម្រាប់ការលេងនាកីឡដ្ឋាន Santiago Bernabéu នេះ រូបគេទទួលបានអាវលេខ៩ ។
Real Madrid ត្រូវបានគេដឹងថា ជាក្លិបដែល Kylian Mbappe ចង់មកលេងអោយរហូតមកតាំងពីកុមារវ័យ។
នៅក្នុងការថ្លែងសន្ទរកថាកីឡាករសញ្ជាតិបារាំងរូបនេះ ក៏បានសម្ដែងនូវការសប្បាយចិត្ត និងបង្ហាញអារម្មណ៍ខិតខំ ក្នុងការជួយក្លិបក្នុងក្ដីស្រមៃរបស់គេនេះអោយកាន់តែរីកចម្រើនទៅមុខទៀត។
Real Madrid បានធ្វើការផ្ដល់អផុ Mbappe នូវប្រាក់ពលកម្មក្នុងមួយឆ្នាំរហូតទៅដល់ ១៥លានអ៊ឺរ៉ូ ជាមួយនឹងប្រាក់លើកទឹកចិត្តនៃការចុះហត្ថលេខាជាមួយក្លិបរហូតទៅដល់ ១៥០លានអ៊ឺរ៉ូ ហើយគេអាចយកកម្រៃពីសិទ្ធិលក់រូបភាពរបស់គេពេញសិទ្ធិ។
ការចូលរួមរបស់ Kylian Mbappe កាន់តែធ្វើអោយ Real Madrid ក្លាយជាក្លិបដ៏មានឥទ្ធិពលមួយនិង ប្រជុំដោយកីឡាករវ័យក្មេង មានភាពលេចធ្លោផ្សេងទៀតដូចជា Vinicius Junior និង Jude Bellingham រួមជាមួយគ្រូបង្វឹកល្បីឈ្មោះ លោក Carlo Ancelotti ដែលជាបុគ្គលឈ្នះពានរង្វាន់ UEFA Champions League ច្រើនជាងគេ គឺ៥ដង៕