×

លោក Gareth Southgate លាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស

លោក Gareth Southgate បានសម្រេចលាលែងចេញពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសហើយ។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់អង់គ្លេស FA។

ការលាលែងពីតំណែងរបស់បុរសវ័យ៥៣ឆ្នាំ កើតឡើង បន្ទាប់ពី២ថ្ងៃ ដែលពួកគេ ចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Euro 2024 និងទទួលបានតំណែងរងជើងឯក។ សមាគមបាល់ទាត់អង់គ្លេស FA បានទទួលសេចក្ដីសម្រេចចិត្តរបស់លោក Southgate ហើយកំពុងស្ថិតក្នុងដំណាក់កាលស្វែងរកគ្រូបង្វឹកថ្មី។

លោក Southgate ជាគ្រូបង្វឹកដែលបានកែប្រែសមត្ថភាពរបស់ក្រុមអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៦ ពេលដែលអង់គ្លេសមានកម្រិតលេងទាបបំផុត។ ក្រោមការដឹកនាំរបស់លោកអស់រយៈពេល ៨ ឆ្នាំនេះ ក្រុមអង់គ្លេសលេងប្រកួតសរុប ១០២ ដង ឈ្នះ ៦១ ប្រកួត ស្មើ ២៤ លើក និងចាញ់ ១៧ ដង។

រយៈពេលនោះ លោកបានដឹកនាំក្រុមអោយចូលកម្មវិធីធំៗចំនួន ៤ លើក មាន FIFA World Cup ២ ដង និង UEFA Euro ២ ដង។ ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ អង់គ្លេសធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនៅ FIFA World Cup ឆ្នាំ ២០២២ អង់គ្លេសបានហាលអាវត្រឹមវគ្គ ៨ ក្រុម ។ ដោយឡែក នៅ UEFA Euro វិញ ទាំងនៅឆ្នាំ ២០២១ និង ២០២៤ ក្រុមអង់គ្លេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ តែបានត្រឹមតំណែងជើងឯករងទាំង២ដងជាប់គ្នា។

ទាក់ទិនការលាលែងពីតំណែងនេះ លោក Southgate បាននិយាយថា លោកមានកិត្តិយសដែលបានដឹកនាំក្រុមជម្រើសជាតិអង់គ្លេសចាប់ពីខែកញ្ញាឆ្នាំ ២០១៦ មក។ ទោះជាយ៉ាងណា ដល់ពេលហើយ ដែលលោក និងក្រុមជម្រើសជាតិត្រូវបើកទំព័រថ្មីសម្រាប់អនាគត។

ដោយឡែក មិនទាន់មានរបាយការណ៍ណាមួយដែលអាចបញ្ជាក់ថា នឹងមានបេក្ខភាព មកកាន់តំណែងនៅក្រុមជម្រើសជាតិអង់គ្លេសបន្តពីលោក Southgate នៅឡើយទេ។

លោក Gareth Southgate មានបទពិសោធន៍ដឹកនាំក្លិប Middlesbrough ពីឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៩ រួចក៏មកដឹកក្រុមជម្រើសជាតិអង់គ្លេសយុវជនអាយុ ក្រោម ២១ ឆ្នាំ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ លោកបានមកដឹកនាំក្រុមឈុតធំអង់គ្លេស ហើយបានសម្រេចលាលែងពីតំណែងនៅពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង