សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងខ្សែបម្រើ Lamine Yamal បានបំពានច្បាប់ការងារស្តីពីយុត្តិធម៌អនីតិជនរបស់ប្រទេសអាល្លឺម៉ង់ តាមរយៈការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ។
Lamine Yamal ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបង្ហាញសមត្ថភាពលេចធ្លោនៅ UEFA Euro 2024 ហើយក៏ជាចំណែកដ៏សំខាន់ជួយ អេស្ប៉ាញឈ្នះជើងឯក ។ អំឡុងការប្រកួត Yamal ស៊ុតបញ្ចូលទីបាន១គ្រាប់ និងបញ្ជូនបាល់សម្រេចទី ចំនួន៤ដង។ Yamal ក៏ក្លាយជាកីឡាករវ័យក្មេងបំផុតលេងនៅ UEFA Euro មានវ័យ ១៦ឆ្នាំ ៣៣៨ថ្ងៃ បំបែកកំណត់ត្រារបស់ខ្សែបម្រើប៉ូឡូញ Kacper Kozlowski ដែលមានអាយុ ១៧ឆ្នាំ និង ២៤៦ថ្ងៃ កាលពី UEFA Euro 2020។
ទោះជាយ៉ាងណា Yamal បានបំពានច្បាប់ការងាររបស់ប្រទេសអាល្លឺម៉ង់ ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍ថា Lamine Yamal ប្រឈមនឹងហានិភ័យខ្ពស់បំពានច្បាប់ការងារស្តីពីយុត្តិធម៌អនីតិជន។ ច្បាប់អាល្លឺម៉ង់បានចែងថា ជនដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវបានហាមឃាត់មិនអោយធ្វើការលើសពីម៉ោង៨យប់។
ជាកីឡាករ Lamine Yamal ទទួលបានការអន្ដរគមន៍ពិសេសពីអាជ្ញាធរអាល្លឺម៉ង់ ដើម្បីបន្តការលេង តែការអនុញ្ញាតនោះបានត្រឹមម៉ោងតែ១១យប់ប៉ុណ្ណោះ ខណៈសកម្មភាពផ្សេងៗដូចជា ការប្រកួតលើទីលាន ឬការផ្តល់បទសម្ភាសន៍ លើសពីម៉ោងនោះត្រូវហាមឃាត់។
ការប្រកួតនៅ Euro 2024 រួមទាំងវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើមនៅម៉ោង៩យប់ម៉ោងក្នុងស្រុក ដូច្នេះករណីបើការប្រកួតឈានដល់ម៉ោងបន្ថែម នោះ Lamine Yamal នឹងត្រូវបានប្តូរចេញភ្លាម។ ទោះជាការប្រកួតវគ្គផ្តាច់ព្រ័ត្របញ្ចប់នៅ៩០នាទី ហើយ Yamal ត្រូវបានប្តូរចេញនៅនាទី៨៩ តែរូបគេនៅតែប្រឈមនឹងបញ្ហា ព្រោះរូបគេបានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍បារាំង beIN SPORTS ក្រោយចប់ការប្រកួត និងបានចូលរួមជាមួយសមាជិកក្រុមអេស្ប៉ាញទាំងអស់ បន្តជប់លៀងនៅ កីឡដ្ឋាន Olympiastadion Berlin លើសពីម៉ោង១១យប់។
ដូច្នេះ សហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងប្រឈមនឹងការពិន័យជាទឹកប្រាក់ចំនួន៣ម៉ឺនអឺរ៉ូ សម្រាប់ការបំពាន់ច្បាប់អាល្លឺម៉ង់តែប៉ុណ្ណោះ ហើយបច្ចុប្បន្នពួកគេនៅមិនទាន់ទទួលរងទណ្ឌកម្មផ្នែកកីឡាណាមួយឡើយ ក្រៅអំពីការបង់ប្រាក់ពិន័យសិន៕