×

ខ្សែប្រយុទ្ធ Harry Kane ថា ខ្លួនខកចិត្តខ្លាំងបំផុត ក្រោយមិនអាចយកបានជើងឯក UEFA Euro 2024

ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា ខ្លួនមានការខកចិត្តខ្លាំងបំផុត ក្រោយមិនអាចជួយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កា្លយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Euro 2024។

ជាការពិត អង់គ្លេសបានជួបរឿងខកចិត្តជាលើកទី២ជាប់ៗគ្នា ដោយបានត្រឹមតំណែងរងជើងឯកនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប បន្ទាប់ពីពួកគេបានចាញ់ក្រោមថ្វីជើងអេស្ប៉ាញ លទ្ធផល ២-១ ជំនួបផ្តាច់ព្រ័ត្រ Euro 2024។

ប្រធានក្រុម Harry Kane បង្ហាញអារម្មណ៍សោកស្តាយ និងថារូបគេខូចចិត្តបំផុតដែលមិនអាចសម្រេចលទ្ធផលដែលបានទន្ទឹងរង់ចាំអស់ពេលជាយូរ។

កីឡាករវ័យ៣០ឆ្នាំ បានរៀបរាប់ដូច្នេះថា “ជារឿងខូចចិត្តខ្លាំងបំផុតដែលយើងមិនអាចទទួលនូវសមិទ្ធផលដែលយើងបានខិតខំប្រឹងយ៉ាងលំបាក។ យើងមានមោទនភាព ដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែយើងត្រូវជួបរឿងសោកស្តាយខ្លាំងបំផុតគឺយើងមិនសម្រេចគោលដៅសាជាថ្មី។ យ៉ាងណា យើងក៏ត្រូវតែលើកទឹកចិត្តវិញ និងត្រៀមខ្លួនសម្រាប់ការប្រកួតបន្ត។”

ចាញ់ការប្រកួតធ្វើអោយអង់គ្លេស ត្រូវរង់ចាំការឈ្នះពាន UEFA Euro បន្តទៀត ខណៈពួកគេមិនដែលបានឈ្នះសោះតាំងពីពានរង្វាន់នេះចាប់ផ្តើមប្រកួតជាលើកដំបូងនៅឆ្នាំ ១៩៦០មក។

នេះក៏ជាលើកទី២ជាប់គ្នាដែរ ដែលអង់គ្លេសបានទទួលតំណែងរងជើងឯក ពានរង្វាន់ UEFA Euro ដោយកាលពី UEFA Euro 2020 ពួកគេបានចាញ់ក្រោមថ្វីជើងអ៊ីតាលី នៅវគ្គផ្តាច់ព្រ័ត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង