ជាទូទៅ អត្តពលិកដែលមានឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវឆ្លងកាត់វគ្គជម្រុះប្រចាំទ្វីបជាមុនសិន។ ក្នុងនោះ ប្រទេសដែលមិនមានអត្តពលិកជាប់វគ្គជម្រុះ ក៏អាចចូលរួមអូឡាំពិកបាន តាមរយៈសិទ្ធិអនុគ្រោះ ឬ (Wild Card) ដែលផ្ដល់ដល់ប្រទេសជាសមាជិកចលនាអូឡាំពិក។
ទាក់ទងទៅនឹងការទទួលបានសិទ្ធិអនុគ្រោះនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កាលពីមុនៗ ការជ្រើសរើសផ្អែកលើសហព័ន្ធអន្តរជាតិ។ ប្រភេទកីឡាហែលទឹក គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិជាអ្នកពិនិត្យលើលក្ខណៈសម្បត្តិ បច្ចេកទេស ហើយសម្រេចថាតើកីឡាករ កីឡាការិនីណា ជាអ្នកចូលរួម។ បន្ទាប់មកឈ្មោះបេក្ខភាពត្រូវបានបញ្ជូនទៅ គណៈកម្មការរៀបចំអូឡាំពិករបស់ម្ចាស់ផ្ទះ។
ដោយឡែកសម្រាប់ការជ្រើសរើសនៅអូឡាំពិកឆ្នាំ២០២៤នេះ មានការសម្រិតសម្រាំងខ្លាំង ដោយពិនិត្យលើរូបសម្បត្តិ និងបច្ចេកទេស។ ចំពោះកម្រិតបច្ចេកទេស គណៈកម្មការចង់ឱ្យមានការប្រកួតប្រជែងមិនខុសគ្នាឆ្ងាយ រវាងអ្នកបានសិទ្ធិអនុគ្រោះ និងអ្នកជាប់ដោយការជម្រុះ ពោលឱ្យមានការប្រកួតល្អមើល មិនដាច់គ្នាខ្លាំង។ ចំណែករូបសម្បត្តិវិញ គឺទាក់ទិននឹងរូបសម្រស់របស់ កីឡាករ កីឡាការិនី ព្រោះគណៈកម្មការក៏ផ្ដោតលើភាពទាក់ទាញដើម្បីទីផ្សារ (Marketing)។
គួរដឹងដែរថា កម្ពុជាមានអត្តពលិក៣រូប លើ ២ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង ដែលមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ខណៈហែលទឹកមានកីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និង កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤នៅក្រុងប៉ារីស ប្រទេសបារាំងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អត្តពលិកកម្ពុជាទាំង៣រូបនឹងចាកចេញពីរាជធានីភ្នំពេញនៅថ្ងៃ អាទិត្យ ទី២១ ខែកក្កដា។
មុនការធ្វើដំណើរទៅកាន់ប្រទេសបារាំង ឯកឧត្ដម ទេសរដ្ឋមន្ត្រី ថោង ខុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និង អត្តពលិក នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា នេះ។ ប្រតិភូ គ្រូបង្វឹក និង អត្តពលិក ក៏ទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់៥០០ដុល្លារអាមេរិក៕
ប្រភព៖ Olympic Cambodia