គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ថា ផែនការរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក្នុងការផ្លាស់ប្តូរព្រឹត្តិការណ៍ World Cup ពី៤ឆ្នាំមក២ឆ្នាំម្តង គឺជាការគំរាមកំហែងដល់វិស័យកីឡាផ្សេងទៀត រួមនិងសមភាពយែនឌ័រ។
IOC បានលើកឡើងថា ការប្រកួត World Cup ២ឆ្នាំម្តង អាចបណ្តាលឱ្យមានការប៉ះពាល់រវាងការប្រកួតបាល់ទាត់និងការប្រកួតកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយក្នុងនោះរួមមានទាំងវិញ្ញាសាបាល់ទាត់នារីផងដែរ។
សេចក្តីថ្លែងការណ៍របស់ IOC បានបញ្ជាក់ថា ផែនការនេះ ថែមទាំងប៉ះពាល់ដល់ព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត នឹងធ្វើឱ្យអន្តរាយដល់ភាពចម្រុះ និងការអភិវឌ្ឍវិស័យកីឡាទាំងមូល។ ហើយការបន្ថែមកម្រិតសម្រាប់ព្រឹត្តិការណ៍បុរស នឹងបង្កើតជាបញ្ហាប្រឈមសម្រាប់បាល់ទាត់នារីនាពេលអនាគត។ អ្វីដែលសំខាន់បំផុត គឺវាប៉ះពាល់ខ្លាំងដល់សុខមាលភាពកីឡាករ នាំឱ្យឈានដល់ការបង្កើតភាពតានតឹងលើសុខភាពរាងកាយ និងផ្លូវចិត្តកីឡាករផ្ទាល់តែម្តង។
ផែនការផ្លាស់ប្តូរការប្រកួត World Cup ពី៤ឆ្នាំមក២ឆ្នាំម្តង គឺជាការផ្តួចផ្តើមដោយលោក Arsene Wenger អតីតអ្នកចាត់ការ Arsenal ដែលបច្ចុប្បន្នជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់របស់ FIFA និងជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធាន FIFA លោក Gianni Infantino ផងដែរ។ ទោះយ៉ាងណាផែនការនេះហាក់មិនទទួលបានការគាំទ្រច្រើនឡើយ ដោយមានការជំទាស់ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA និងស្ថាប័នលីគបាល់ទាត់នារីចំនួន១០នៅអឺរ៉ុប។ ស្របពេល អ្នកជំនាញ គ្រូបង្វឹក កីឡាករ និងអ្នកគាំទ្រ ក៏សម្តែងការប្រឆាំងទៅនឹងផែនការខាងលើផងដែរ៕