×

FIFA ស៊ើបអង្កេតវីដេអូដែលក្រុមកីឡាករអាហ្សង់ទីនរើសអើងកីឡាករបារាំង

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបើកការស៊ើបអង្កេតទៅលើករណីវីដេអូបង្ហោះ ដែលបង្ហាញពីមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន ស្រែកច្រៀងចម្អក និង រើសអើងកីឡាករបារាំង ក្រោយពេលពួកគេបានឈ្នះពានរង្វាន់ Copa America 2024។

រឿងហេតុដែលជាប់ទាក់ទងគ្នារហូតមានការច្រៀងចម្អក ប្រើពាក្យរើសអើង ដោយសារតែ ខ្សែបម្រើ Enzo Fernandez បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Instagram បង្ហាញពីការអបអរការឈ្នះជើងឯកពានរង្វាន់ Copa America ក្រោយអាហ្សង់ទីនឈ្នះការប្រកួតលទ្ធផល ១-០ លើកូឡុំប៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ការស្រែកច្រៀងនោះ បានសំដៅចំៗទៅកាន់កីឡាករខ្សែប្រយុទ្ធ Kylian Mbappe និងកីឡាករមានដើមកំណើតអាហ្រ្វិកដទៃផ្សេងទៀតស្ថិតក្នុងក្រុមជម្រើសជាតិបារាំង ក៏ទទួលបានការរើសអើងដែរ។

កាលពីឆ្នាំ ២០២២ ដែលព្រឹត្តិការណ៍ FIFA World Cup ធ្វើឡើងក្នុងប្រទេសកាតា អាហ្សង់ទីនបានក្លាយជាជើងឯកពិភពលោក ក្រោយយកឈ្នះបារាំងដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។

ជុំវិញរឿងនេះ សហព័ន្ធបាល់ទាត់បារាំង FFF មានការភ្ញាក់ផ្អើល និង ខឹងសម្បារ ចំពោះទង្វើរបស់កីឡាករក្រុមអាហ្សង់ទីន និងបានដាក់ពាក្យប្តឹងទៅកាន់ FIFA ជុំវិញករណីវីដេអូដែលបានបង្ហោះនោះ ពីភាពរើសអើងមិនអាចទទួលយកបាន។

សម្រាប់ FIFA វិញ បានអោយដឹងថា ពួកគេកំពុងពិនិត្យមើលវិដេអូនោះ និងបានថ្កោលទោលយ៉ាងខ្លាំងចំពោះការរើសអើងពូជសាសន៍រាល់គ្រប់រូបភាព ពីនរណាម្នាក់ មិនថាជាកីឡាករនោះឡើយ រួមទាំងអ្នកគាំទ្រ ឬក៏មន្ត្រីការប្រកួត។

ទោះបែបនេះក្តី អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Victoria Villarruel បានចេញមុខការពារកីឡាករក្រុមបាល់ទាត់ជម្រើសជាតិខ្លួន និងថា កីឡាករអាហ្សង់ទីនអាចនិយាយការពិតអំពីប្រទេសដែលធ្លាប់ដាក់អណានិគមទៅលើប្រទេសដទៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង