×

អភិបាលក្រុងប៉ារីស ហែលទឹកទន្លេ Seine ដើម្បីបង្ហាញថាទឹកស្អាតគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤

អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានចុះហែលទឹកក្នុងទន្លេ Seine ក្នុងគោលបំណងបង្ហាញថា ទឹកទន្លេនេះស្អាតគ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡាហែលទឹកក្រៅសាល ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៤។

កន្លងមករដ្ឋាភិបាលបារាំងបានចំណាយជាង ១.៤ពាន់លានអឺរ៉ូ ដើម្បីសម្អាតទឹកទន្លេ Seine ត្រៀមសម្រាប់ការប្រកួតអូឡាំពិក ប៉ុន្តែទឹកទន្លេនេះ បានបរាជ័យជាច្រើនដង ពីអ្នកជំនាញ នៅក្នុងការធ្វើតេស្តគុណភាពទឹក។ ក្តីបារម្ភកើតឡើងលើបញ្ហាលំហូរទឹក និងកម្រិតការបំពុលរបស់ទន្លេ Seine បានបន្តកើតមានផងដែរ។

កន្លងទៅ លោកស្រី Anne Hidalgo ដែលជាអភិបាលទីក្រុងប៉ារីស បានអះអាងថា ភាគីពាក់ព័ន្ធទាំងអស់នឹងព្យាយាមព្យាបាលទឹកទន្លេ Seine ក្នុងកម្រិតទទួលយកបាន ហើយលោកស្រីសន្យា ថា លោកស្រីនឹងហែលក្នុងទឹកទន្លេនេះ ដើម្បីបង្ហាញពីសុវត្ថិភាពរបស់ទឹក។

ដើមឡើយ លោកស្រី Hidalgo គ្រោងហែលទឹកទន្លេ Seine ក្នុងខែមិថុនា ប៉ុន្តែត្រូវបានពន្យាពេលទៅវិញ ដោយសារតែអ្នកជំនាញរកឃើញបាក់តេរី ខ្ពស់ជាងកម្រិតកង្វក់ដែលត្រូវបានអនុញ្ញាត១០ដងឯណោះ។

ទោះយ៉ាងណា ពេលនេះគុណភាពទឹកទន្លេ Seine ត្រូវបានអះអាងថា ស្ថិតក្នុងកម្រិតសុវត្ថិភាពអាចទទួលយកបាន ហើយលោកស្រី Anne Hidalgo ក៏បានធ្វើតាមសន្យា ដោយការហែលទឹកទន្លេ ដើម្បីបង្ហាញថា ទឹកទន្លេស្អាតគ្រប់គ្រាន់សម្រាប់រៀបចំកីឡាហែលទឹកក្រៅសាល នៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដោយមានកីឡាចំនួន ៣២ប្រភេទ ត្រូវប្រកួតលើវិញ្ញាសា ចំនួន ៣២៩វិញ្ញាសា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង