កីឡាករបារាំង Arthur Fils បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតវាយកូនបាល់កម្មវិធី Hamburg Open 2024 ដែលបានដំណើរការចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកក្កដា កន្លងទៅ នាទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
ជាក់ស្តែង ការទទួលបានតំណែងជើងឯកនេះ បន្ទាប់ពីកីឡាករ វ័យ២០ឆ្នាំ បានយកឈ្នះម្ចាស់ជើងឯកឆ្នាំចាស់ កីឡាករម្ចាស់ផ្ទះ Alexander Zverev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 3-6 និង 7-6 ចាយពេលអស់ជាង ៣ម៉ោង កន្លះ។
នេះជាការឈ្នះពានរង្វាន់ទី១ ក្នុងរដូវកាល២០២៤ របស់កីឡាករ Arthur Fils ហើយវាក៏ជាពានរង្វាន់កម្រិត ATP ទី២ ក្នុងអាជីពរបស់គេផងដែរ បន្ទាប់ពីឈ្នះពានរង្វាន់ Lyon Open កាលពីឆ្នាំ២០២៣។
សូមបញ្ជាក់ថា កម្មវិធី Hamburg Open 2024 គឺជាការដំណើរការលើកទី១១៨ នៅក្នុងប្រវត្តិសាស្ត្រ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ២លាន ៦ម៉ឺនដុល្លារអាមេរិក៕