ការប្រណាំងកង់កម្មវិធី Tour de France 2024 បានបញ្ចប់ហើយ ក្រោយពីដំណើរការ រយៈពេល ៣សប្តាហ៍កន្លងមក និងឆ្លងកាត់ការជិះចំនួន២១ ដំណាក់កាល នាប្រទេសបារាំង។
ជាការពិត ការប្រកួតដំណាក់កាលទី២១ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយកីឡាករត្រូវជិះចេញពីទីក្រុង Monaco ទៅកាន់ទីក្រុង Nice ដែលមានចម្ងាយផ្លូវ ៣៣,៧ គីឡូម៉ែត្រ។ នៅក្នុងនោះ កីឡាករ Tadej Pogačar ជាអ្នកទទួលបានជ័យជំនះ ដោយសមាជិកក្រុម UAE Team Emirates បានប្រើពេលអស់ តែ៤៥នាទី និង ២៤វិនាទីតែប៉ុណ្ណោះ។
ក្រៅពីឈ្នះដំណាក់កាលផ្តាច់ព្រ័ត្រហើយ Tadej Pogačar ក៏នៅដណ្តើមបានតំណែងជើងឯកនៃកម្មវិធីទាំងមូលទៀត ដោយការជិះចំនួន ២១ ដំណាក់កាល មានចម្ងាយផ្លូវ ៣៤៩៨ គីឡូម៉ែត្រ នោះ កីឡាករ វ័យ២៥ឆ្នាំ បានចាយពេលវេលាសុរបអស់ ៨៣ម៉ោង ៣៨នាទី និង៥៦វិនាទី។
នេះជាការឈ្នះជើងឯក Tour de France ជាលើកទី៣ ក្នុងអាជីព ហើយរូបគេគឺជាកីឡាករដំបូងគេ ដែលឈ្នះជើងឯក ការប្រណាំងកង់ Grand Tour ចំនួន២ ក្នុងមួយរដូវកាល គឺការឈ្នះកម្មវិធី Giro d’Italia និង កម្មវិធី Tour de France ចាប់តាំងពីកីឡាករអ៊ីតាលី Marco Pantani ដែលធ្វើបានកាលពីឆ្នាំ១៩៩៨។
ដោយឡែក កីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ២ នៃកម្មវិធីទាំងមូល គឺកីឡាករដាណឺម៉ាក Jonas Vingegaard មកពីក្រុម Visma ហើយកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី គឺកីឡាករបែលហ្ស៊ីក Remco Evenepoel មកពីក្រុម Quick-Step។
សូមបញ្ជាក់ថា កម្មវិធី Tour de France 2024 គឺជាការដំណើរការលើកទី ១១១ ក្នុងប្រវត្តិសាស្ត្រ ហើយវាជាទីលានទី២៥ក្នុងចំណោម៣៥នៃ ការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក UCI World Tour ប្រចាំរដូវកាល ២០២៤។ ការប្រកួតជាបន្តគឺជាកម្មវិធី Clásica de San Sebastián ធ្វើឡើងនាថ្ងៃទី១០ ខែសីហា ខាងមុខ នាប្រទេសអេស្ប៉ាញ៕