×

UEFA ចាប់ផ្តើមចាត់វិធានការវិន័យលើក្រុមជម្រើសជាតិអេស្ប៉ាញ ករណីច្រៀងចម្រៀងប៉ះពាល់អធិបតេយ្យភាពប្រទេសហ្ស៊ីប្រាល់តា

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចាប់ផ្តើមចាត់វិធានការវិន័យ ទៅលើក្រុមកីឡាករអេស្ប៉ាញ រួមមានប្រធានក្រុម Alvaro Morata និង Rodri ដែលបានច្រៀងចម្រៀងទាក់ទងនឹងអធិបតេយ្យភាពរបស់ប្រទេសហ្ស៊ីប្រាល់តា អំឡុងពិធីដង្ហែពានរង្វាន់ Euro 2024។

Alvaro Morata និង Rodri ជាកីឡាករស្ថិតក្នុងចំណោមកីឡាករសំខាន់ៗផ្សេងទៀត ដែលបានជួយក្រុមអេស្ប៉ាញ ឈ្នះក្រុមអង់គ្លេស ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Euro 2024 និងជាការឈ្នះជាលើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ ក្រុមកីឡាករអេស្ប៉ាញ រួមជាមួយអ្នកគាំទ្រ បានធ្វើពិធីអបអរដង្ហែរពានរង្វាន់ UEFA Euro យ៉ាងអធិកអធម។ ទោះយ៉ាងណា អំឡុងពេលអបអរនោះ Alvaro Morata និង Rodri បានច្រៀងចម្រៀងទាក់ទងនឹងអធិបតេ្យភាពរបស់ប្រទេសហ្ស៊ីប្រាល់តា ដោយថា ហ្ស៊ីប្រាល់តា ជារបស់អេស្ប៉ាញ។

ការច្រៀងចម្រៀងទាក់ទងនឹងអធិបតេ្យភាពរបស់ប្រទេសហ្ស៊ីប្រាល់តា ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសនេះរិះគន់ នឹងរៀបចំពាក្យបណ្តឹងទៅកាន់ UEFA ដោយចាត់ទុកថា វាជាការប្រមាថយ៉ាងខ្លាំងដល់ជនជាតិហ្ស៊ីប្រាល់តា។

សម្រាប់ UEFA វិញ បានប្រកាសថា ពួកគេបានតែងតាំងអ្នកត្រួតពិនិត្យក្រមសីលធម៌ និងវិន័យ អោយពិនិត្យមើលលើការច្រៀងរបស់ក្រុមកីឡាករអេស្ប៉ាញហើយ។

ហ្ស៊ីប្រាល់តា ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។ កាលពីអតីតកាល អេស្ប៉ាញ បានប្រគល់ទឹកដីហ្ស៊ីប្រាល់តា ទៅអោយចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៧១៣ ប៉ុន្តែរយៈពេលចុងក្រោយនេះ អេស្ប៉ាញ ក៏បានទាមទារយកទឹកដីតំបន់នោះ ត្រឡប់មកវិញ ដោយអះអាងថា នោះជាផ្នែកមួយរបស់អេស្ប៉ាញ ប៉ុន្តែចក្រភពអង់គ្លេសបានរក្សាការគ្រប់គ្រងទឹកដីនោះយូរមកហើយ។វាក៏បាននាំអោយមានភាពតានតឹងនិងឧបទ្ទវហេតុរវាងកប៉ាល់អេស្ប៉ាញ និងអង់គ្លេសនៅតាមបណ្តោយផ្លូវសមុទ្រ ។

ក្រុមបាល់ទាត់ជម្រើសជាតិហ្ស៊ីប្រាល់តា មិនត្រូវបានទទួលយកដោយ UEFA ទេ រហូតដល់ឆ្នាំ ២០១៣ ទើបស្ថាប័ននេះបានទទួលស្គាល់ ហើយនៅឆ្នាំ២០១៨ ទើប FIFA បានទទួលយកពួកគេជាបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង