×

ទីក្រុងប៉ារីសបង្កើនការរិតត្បិតសន្តិសុខ ខណៈព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ខិតជិតមកដល់

កម្លាំងប៉ូលីសបារាំង បានចាប់ផ្តើមដាក់របាំង និងរបងដែកបិទទីតាំងជាច្រើននៅកណ្តាលទីក្រុងប៉ារីសដើម្បីរារាំងការធ្វើដំណើរទៅកាន់តំបន់ក្បែរមាត់ទន្លេ Seine ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ រិតបន្តឹងសន្តិសុខ មុនពេលពិធីបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤។

របាយការណ៍ពីអ្នករៀបចំអូឡាំពិកទីក្រុងប៉ារីសអោយដឹងថា ប្រសិនបើនរណាម្នាក់ចង់ចូល ឬឆ្លងកាត់របាំងការពារតាមដងទន្លេ Seine នោះត្រូវការលេខកូដ QR ពិសេស។

ការបិទការធ្វើដំណើរនេះ មិនសូវទទួលបានការរិះគន់ខ្លាំងនោះទេ ដោយសារតែអាជ្ញាធរបានប្រកាសអំពីប្រព័ន្ធលេខកូដ QR កាលពីឆ្នាំមុន ហើយបានជួបជាមួយអ្នករស់នៅក្នុងតំបន់អស់រយៈពេលជាច្រើនខែ ដើម្បីពន្យល់អំពីការរឹតបន្តឹងទាំងនោះ។ សម្រាប់បរិវេណដែលត្រូវបានដាក់របងការពារនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកតែម្តង។

ជាករណីពិសេសមួយ ទីក្រុងប៉ារីសបានសម្រេចចិត្តរៀបចំពិធីបើកនៅមាត់ទន្លេ ជាជាងនៅក្នុងកីឡដ្ឋាន ដូចជាទីក្រុងម្ចាស់ផ្ទះព្រឹត្តិការណ៍មុនៗ។ ដូច្នេះការការពារត្រូវចំណាយទាំងថវិកា និងចំនួនកងកម្លាំងចម្រុះច្រើនជាងការរៀបចំក្នុងកីឡដ្ឋាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
ការប្រកួតនេះនឹងមានអត្តពលិកចូលរួមប្រមាណ ១០,៧១៤នាក់ មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោក ដោយត្រូវប្រកួតចំនួន ៣២៩វិញ្ញាសា លើកីឡា ៣២ប្រភេទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង