សមាគមកីឡាកាយសម្ព័ន្ធប្រទេសជប៉ុន បានប្រកាសថា ប្រធានក្រុមកីឡាកាយសម្ព័ន្ធសិល្បៈនារីជប៉ុន កីឡាការិនី Shoko Miyata បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ ក្រោយបំពានក្រមសីលធម៌របស់ក្រុមដោយការជក់បារី។
មន្ត្រីសមាគមកីឡាកាយសម្ព័ន្ធជប៉ុនបានថ្លែងថា នារីវ័យអាយុ១៩ឆ្នាំបានវិលត្រឡប់មកដល់ប្រទេសជប៉ុនវិញ ក្រោយចាកចេញពីជំរុំហ្វឹកហាត់នៅឯទីក្រុង Monaco ដើម្បីទទួលការស៊ើបអង្កេតដែលបានបញ្ជាក់អំពីការបំពានក្រមសីលធម៌ ដែលរួមមានទាំងការផឹកស្រាផងដែរ។
ការដកខ្លួនរបស់កីឡាការិនី Shoko Miyata មានន័យថា ក្រុមកាយសម្ព័ន្ធសិល្បៈនារីជប៉ុន នឹងប្រកួតប្រជែងជាមួយសមាជិកត្រឹមតែ៤នាក់ប៉ុណ្ណោះ។
បញ្ហារបស់កីឡាការិនី Shoko Miyata បានធ្វើអោយ លោក Tadashi Fujita ប្រធានសមាគមកីឡាកាយសម្ព័ន្ធជប៉ុន រួមជាមួយមន្ត្រីនិងគ្រូបង្វឹកមានការសោកស្តាយនឹងបង្ហាញការសូមទោសទៅកាន់អ្នកគាំទ្រ។
វិញ្ញាសាកីឡាកាយសម្ព័ន្ធសិល្បៈ គឺជាកីឡាដ៏ពេញនិយមបំផុតមួយនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ហើយនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕