គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស សង្ឃឹមថា ការតឹងរឹងផ្នែកសន្តិសុខ នឹងមិនធ្វើអោយប៉ះពាល់ដល់ការបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ។
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងក្លាយជាការបើកព្រឹត្តិការណ៍ផ្លូវការជាលើកដំបូង ដែលធ្វើឡើងនៅក្រៅកីឡដ្ឋាន ហើយទៅធ្វើឡើងតាមដង ទន្លេ Seine វិញ។ កត្តានេះនឹងក្លាយជាការប្រឈមភាពអសន្តិសុខ និងជាការប្រកួតប្រជែងដ៏ធំសម្រាប់កងការពារសន្តិសុខរបស់បារាំង។
ពិធីបើក ត្រូវធ្វើឡើងដោយការដង្ហែជាក្បួនក្រុមអត្តពលិក និងមន្ត្រីប្រតិភូកីឡា នៅលើទូកបណ្តែតតាមបណ្តោយដងទន្លេ Seine ប្រវែងប្រមាណ ៦គីឡូម៉ែត្រ។ ដូច្នេះហើយ អ្នករៀបចំព្រឹត្តិការណ៍ ត្រូវមានការធានាថា នឹងមិនមានបញ្ហាអសន្តិសុខណាមួយកើតឡើង ដ្បិតមនុស្សរាប់ម៉ឺននាក់នឹងចូលរួមការបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤នេះ ហើយជាមួយគ្នាក៏មានការរំពឹងអំពីភាពតឹងរឹងនៃសន្តិសុខនឹងមិនរំខានដល់កម្មវិធីបើកផងដែរ។
មន្រ្តីប៉ូលីសរួមទាំងកងកម្លាំងពិសេសរបស់បារាំងជាង ៤៥,០០០នាក់ បានត្រៀមការពារសន្តិសុខអំឡុងការបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ដែលត្រូវជឿថា នឹងមានអ្នកចូលរួមទស្សនា ៣០ម៉ឺននាក់ នៅតាមដងទន្លេ Seine។
រឿងដែលកំពុងបង្កើនក្តីបារម្ភ ទាក់ទងនឹងការធានាសុត្ថិភាព ក្នុងកម្មវិធីបើកអូឡាំពិកប៉ារីសឆ្នាំ ២០២៤ ក៏ព្រោះ តែបញ្ហាសង្គ្រាមកំពុងតែកើតមានឡើងនៅក្នុងតំបន់កាហ្សា និងអ៊ុយក្រែន។ ដូច្នេះ បារាំងត្រូវតែត្រៀមខ្លួនរួចរាល់ ក្នុងការធានានូវសុវត្ថិភាពក្នុងកម្រិតខ្ពស់បំផុត នាពិធីបើកព្រឹត្តិការណ៍អូឡាំពិកប៉ារីសឆ្នាំ ២០២៤៕