×

អង្គភាពបាល់ទាត់អឺរ៉ុបធំៗចំនួន២ ដាក់ពាក្យប្តឹងប្រឆាំង FIFA

សហព័ន្ធលីគបាល់ទាត់អឺរ៉ុប European Leagues និង សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព FIFPRO នឹងរួមគ្នាដាក់ពាក្យបណ្តឹងទៅ និយតករប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប EU Antitrust Regulators ដើម្បីប្រឆាំងទៅនឹងប្រតិទិននៃការប្រកួតអន្តរជាតិរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ។

ស្ថាប័នទាំងពីរបាននិយាយថា ប្រតិទិននៃការប្រកួតអន្តរជាតិ នាពេលបច្ចុប្បន្ន មានភាពមមាញឹកច្រើនហួសកំណត់ ហើយបានក្លាយទៅជា បញ្ហានិងគ្មាននិរន្តរភាពសម្រាប់លីគជាតិ ក៏ដូចជាហានិភ័យដល់សុខភាពរបស់កីឡាករផងដែរ។

ពួកគេក៏បានចោទប្រកាន់ថាការសម្រេចចិត្តរបស់ FIFA ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ការអនុញ្ញាតម្តងហើយម្តងទៀត ចំពោះការបង្កើតពានរង្វាន់ ការប្រកួតប្រជែងរបស់ស្ថាប័នផ្ទាល់ខ្លួន និងផលប្រយោជន៍ពាណិជ្ជកម្ម ហើយមិនយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ចំពោះកីឡាករក្នុងនាមជាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់នោះទេ។

សហព័ន្ធលីគបាល់ទាត់អឺរ៉ុប និង សហព័ន្ធអន្តរជាតិនៃសមាគមកីឡាករបាល់ទាត់អាជីព បាននិយាយថា ពាក្យបណ្តឹងនឹងពន្យល់ថាការប្រព្រឹត្តរបស់ FIFA រំលោភលើច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ហើយគួរអោយកត់សម្គាល់ថា ជាការរំលោភបំពានលើការត្រួតត្រា។ FIFA មានតួនាទីពីរជានិយតករបាល់ទាត់ពិភពលោក និងជាអ្នករៀបចំការប្រកួត ប៉ុន្តែការសម្រេចចិត្តរបស់ FIFA នាពេលបច្ចុប្បន្ននេះបានបង្កើតជាជម្លោះផលប្រយោជន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង