×

ប្រធានាធិបតីបារាំង បញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងធ្វើពិធីបើកតាមដងទន្លេ Seine យ៉ាងប្រាកដ

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 2 ថា ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងត្រូវធ្វើឡើងនៅលើដងទន្លេ Seine យ៉ាងពិតប្រាកដ។

ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងក្លាយជាព្រឹត្តិការណ៍ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលនឹងធ្វើការបើកជាផ្លូវការនៅក្រៅកីឡដ្ឋាន ដោយធ្វើតាមដងទន្លេ Seine។ ទោះយ៉ាងណា បញ្ហាអាកាសធាតុ បរិបទសន្តិសុខ សុវត្ថិភាព ដ៏តានតឹង បានធ្វើអោយអ្នករៀបចំអូឡាំពិកទីក្រុងប៉ារីស បានត្រៀមផែនការទី២ ដោយប្រសិនបើស្ថានភាពមិនអំណោយផល នោះពួកគេនឹងផ្លាស់ប្តូរការបើកអូឡាំពិកឆ្នាំ២០២៤ តាមដងទន្លេ Seine ទៅក្នុងកីឡដ្ឋានវិញ។

ទោះយ៉ាងណា ពេលនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមុខមកបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នឹងត្រូវធ្វើពិធីបើកតាមដងទន្លេ Seine មិនផ្លាស់ប្តូរទេ។
លោក Emmanuel Macron បានអះអាងបែបនេះ “ពិធីនេះពិតជាបើកនៅលើទន្លេ Seine ដូចដែលត្រូវបានបញ្ជាក់។ ជារឿយៗខ្ញុំនិយាយថា ការប្រកួតកីឡាអូឡាំពិកត្រូវបានរៀបចំម្តងក្នុងមួយសតវត្ស ពិធីបើកដូចនេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ។”

ពិធីបើកព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នឹងធ្វើឡើងនាថ្ងៃទី ២៦ ខែកក្កដា ដោយមានមនុស្សរាប់ម៉ឺនចូលរួមទស្សនា ហើយក្នុងនោះ លោក Emmanuel Macron ក៏បានសារទរចំពោះវត្តមានបុគ្គលល្បីៗ ដូចជា តារាចម្រៀង Celine Dion ដែលចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍តាមដងទន្លេ Seine ដែលនឹងឃើញអត្តពលិកនិងអ្នកសំដែងរាប់ពាន់នាក់បានដង្ហែរក្បួនតាមដងទន្លេប្រវែង ៦ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង