ម្ចាស់ផ្ទះបារាំងត្រូវបានប្រទេសរុស្ស៊ីធ្វើការចោទប្រកាន់ថា បំពានសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីមិនព្រមផ្តល់សិទ្ធិដល់អ្នកកាសែតរុស្ស៊ីមួយចំនួនចូលរួមព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដោយអះអាងពីការព្រួយបារម្ភពីផ្នែកសន្តិសុខ។
ភ្នាក់ងារសន្និសុខជាតិបារាំង បានបដិសេធសំណើ ៤,០០០ករណី របស់អ្នកកាសែត ភាគច្រើនជាអ្នកកាសែតមកពីប្រទេសរុស្ស៊ី និងបេឡារុស ដែលបានស្នើសុំអោយផ្តល់សិទ្ធិដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងប៉ារីស ដោយលើកហេតុផលថា ព្រោះតែព្រួយបារម្ភពីអំពើចារកម្ម និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
វិបត្តិសង្គ្រាមដែលកំពុងកើតមាននៅក្បែតំបន់អឺរ៉ុប រួមមានតំបន់កាហ្សា និងរវាងអ៊ុយក្រែន និងរុស្ស៊ីបានបង្កជាក្តីបារម្ភខ្លាំងចំពោះបញ្ហាសន្តិសុខសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដែលនឹងរៀបចំពិធីបើកនៅតាមដងទន្លេ Seine ដែលជាពិធីក្រៅកីឡដ្ឋានជាលើកដំបូង ។
មនុស្សរាប់ម៉ឺននាក់ នឹងមកចូលរួម ដើម្បីទស្សនាពិធីដង្ហែអត្តពលិក និងប្រតិភូកីឡារបស់ប្រទេសនីមួយៗ ហើយដូច្នេះម្ចាស់ផ្ទះបារាំង បានត្រៀមកងកម្លាំងជាច្រើនម៉ឺននាក់ និងផែនការសន្តិសុខជាច្រើន ដើម្បីធានា សុវត្ថិភាព អោយព្រឹត្តិការណ៍អាចប្រព្រឹត្តទៅរលូន ដែលក្នុងនោះក៏រួមមានការហាមឃាត់បុគ្គលមួយចំនួនពីប្រទេសរុស្ស៊ី និង បែលឡារុសដែរ។
ទោះយ៉ាងណា ទាក់ទិនរឿងនេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង អះអាង ថា រុស្ស៊ីមិនអាចទទួលយកបានចំពោះការលើកឡើង ពីហេតុផលបដិសេធរបស់ប្រទេសបារាំងបានទេ និងបានចោទប្រកាន់ថា បារាំងដែលជាម្ចាស់ផ្ទះអូឡាំពិក ២០២៤ បានបំពានទៅលើសិទ្ធិសេរីភាពសារព័ត៌មាន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា និងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហាខាងមុខ៕