សន្តិសុខគឺជាប្រធានបទដ៏សំខាន់បំផុតមួយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ឆ្នាំ ២០២៤ ដោយប្រទេសបារាំង ត្រៀមខ្លួនក្នុងកម្រិតខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាពសាធារណៈ ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់ពិភពលោកដែលប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ដោយទទួលបានជំនួយការពារពីអង្គភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ។
មូលដ្ឋានយោធាវីឡាគូប្លាយ (Villacoublay) នៅខាងក្រៅទីក្រុងប៉ារីស នឹងក្លាយជាទីតាំងរបស់មជ្ឈមណ្ឌលសម្របសម្រួល ដែលសមត្ថកិច្ច កងកម្លាំងអាវុធហត្ថ និងមន្រ្តីកងទ័ព នឹងធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងពីលើអាកាស ។
មន្ត្រីពាក់ព័ន្ធ នឹងត្រួតពិនិត្យរាល់ចរាចរណ៍តាមផ្លូវអាកាស ក្នុងអំឡុងការប្រកួត ដោយអាចចាប់សញ្ញារបស់យន្តហោះគ្មានមនុស្សបើក ឬយន្តហោះធម្មតា តាមរយៈការត្រួតពិនិត្យតាមប្រព័ន្ធរ៉ាដា ឬរូបភាពដែលបញ្ជូនមកដោយមន្រ្តីនៅឯទីកន្លែងដំណើរការព្រឹត្តិការណ៍ ។
ក្រុមមន្ត្រី នឹងប្រើប្រាស់មធ្យោបាយជាច្រើនបញ្ចូលគ្នា រួមមាន ប្រព័ន្ធរ៉ាដា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ដើម្បីធានាសុវត្ថិភាពលើអាកាស ខណៈអង្គភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក នឹងធ្វើការបំពាក់រ៉ាដា កាមេរ៉ា និងអង់តែងចាប់សញ្ញា ដែលអាចការពារយន្តហោះគ្មានមនុស្សបើកក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ។ ក្នុងនោះ ក៏មានកាំភ្លើងសម្រាប់ប្រឆាំងនឹងសញ្ញារបស់យន្តហោះគ្មានមនុស្សបើក ឬអាចបាញ់ទម្លាក់ដោយឡាស៊ែរថែមទៀតផង ។
គួររំឮកថា បើទោះបីជាប្រទេសបារាំង មិនដែលទទួលរងនូវការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏ដោយ ក៏ប្រទេសនេះ អាចជាគោលដៅនៃការវាយប្រហារដោយក្រុមរដ្ឋអ៊ីស្លាម ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារដោយខ្មាន់កាំភ្លើងនិងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតទៅលើទីកន្លែងកម្សាន្ត និងហាងកាហ្វេក្នុងទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ៕