សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន ហៅកាត់ AFA ត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្តឹងទៅកាន់ FIFA បន្ទាប់ពីគ្រាប់តាមស្មើនៅម៉ោងបន្ថែមរបស់ពួកគេទល់នឹងម៉ារ៉ុកត្រូវបានច្រានចោលដោយ VAR ។
បញ្ហាបានផ្ទុះឡើងមុនពេលចាប់ផ្តើមការប្រកួត ខណៈកីឡាករអាហ្សង់ទីន ត្រូវបានអ្នកទស្សនានាំគ្នាស្រែក Boo នៅឯកីឡដ្ឋាន Stade Geoffroy-Guichard ក្នុងទីក្រុង St-Etienne ដែលជាទង្វើសម្ដែងការមិនពេញចិត្តចំពោះការរើសអើងជាតិសាសន៍ដែលត្រូវបានចោទប្រកាន់លើខ្សែបម្រើ Enzo Fernandez ។ ខ្សែបម្រើរបស់ក្រុម Chelsea រូបនេះត្រូវបានគេចោទថា បានរើសអើងទៅលើកីឡាកររបស់ក្រុមជម្រើសជាតិបារាំង អំឡុងពេលការអបអរសាទរជ័យជម្នះពានរង្វាន់ Copa America កាលពីពេលថ្មីៗកន្លងទៅ។
បន្ទាប់ពីគ្រាប់បាល់ចុងម៉ោងតាមស្មើរបស់អាហ្សង់ទីន អ្នកគាំទ្រម៉ារ៉ុកបានរត់ចូលទីលាន ហើយការប្រកួតបានបញ្ចប់ភ្លាមៗដោយលទ្ធផលស្មើ ២-២។ កីឡាករទាំងពីរក្រុម ត្រូវបានជម្លៀសទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ជាងមួយម៉ោង។
បន្ទាប់ពីកីឡាករបានត្រឡប់ចូលទីលានវិញ VAR បានធ្វើអន្តរាគមន៍និងសម្រេចថា គ្រាប់បាល់របស់កីឡាករអាហ្សង់ទីន Cristian Medina ជាបាល់ Offside ។ លទ្ធផលចប់ការប្រកួតគឺ អាហ្សង់ទីន១ ម៉ារ៉ុក២។
យោងតាមអ្នកកាសែត TyC Sports លោក Gaston Edul សហព័ន្ធ AFA បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់គណៈកម្មការវិន័យរបស់ FIFA ។ ពាក្យបណ្តឹងផ្តោតលើការគ្រប់គ្រងការប្រកួត និងការលុកលុយក្នុងទីលាន ដែលនាំឱ្យមានការពន្យារពេលយ៉ាងយូរ និងការភ័ន្តច្រឡំ។
ចំណែកការប្រកួតមួយគូទៀត ក្នុងពូល B អ៊ីរ៉ាក់បានយកឈ្នះអ៊ុយក្រែន ដោយលទ្ធផល ២-១៕